សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចង់បាននិស្សិតល្អត្រូវពង្រឹងពីថ្នាក់មត្តេយ្យទៅ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ចង់បាននិស្សិតល្អត្រូវពង្រឹងពីថ្នាក់មត្តេយ្យឡើងទៅ ដើម្បីលើកកម្ពស់វិស័យអប់រំឱ្យឈានឡើង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ធ្វើឱ្យមាននវានុវត្តន៍។
ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” សម្ដេចធិបតី បានជំរុញឱ្យលោកគ្រូអ្នកគ្រូ អប់រំសិស្សឱ្យមានឥរិយាបទ អត្តចរិតល្អ បណ្ដុះបណ្ដាលផ្នត់គំនិតសិស្ស ឱ្យចេះបង្កើតនវានុវត្តន៍ ពោលគឺចេះបង្កើត ប្រធានបទ ឬលំហាត់សម្រាប់សិក្សាដោយខ្លួនឯងឬជាក្រុម។
ជាមួយគ្នានេះ សម្ដេចធិបតី បានប្រកាសពង្រឹងសាលរដ្ឋនិងលើកទឹកចិត្តសាលាឯកជនឱ្យចូលរួម ដើម្បីបង្កើតធនធានមនុស្សនៅក្នុងប្រទេសយើងមានសមត្ថភាពគ្រប់គ្រាន់ ហើយសម្ដេចធិបតី បានថ្លែងបញ្ជាក់ថា «ចង់បាននិស្សិតល្អ ត្រូវពង្រឹងពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ទៅ» ៕ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
