អបអរសាទរ! សាលី អ៊ូមើត និងសិស្សប្អូន ដណ្ដើមបានមេដាយ ៣គ្រឿងបន្ថែម ពីព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក ជុំទី៣ នៅអាមេរិក
(ភ្នំពេញ)៖ ក្រុមកីឡាម៉ូតូទឹកកម្ពុជា បានបន្តឈ្នះមេដាយ ៣គ្រឿងបន្ថែមទៀតហើយ រួមមានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ១ នៅក្នុងការប្រកួតម៉ូតូទឹកកម្រិតភពលោក (Water Jet Ski World Series) ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។
សម្រាប់មេដាយ ៣គ្រឿងនេះ ដែលក្រុមកីឡាម៉ូតូទឹកកម្ពុជា ទើបដណ្ដើមបានក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកខាងលើ រួមមាន៖
១៖ កីឡាករ សាលី អ៊ូមើត ដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសា AMATEUR RUNABOUT 1100. Open
២៖ កីឡាករ ម៉ីន មូស្ដាន់ ដណ្ដើមបានមេដាយប្រាក់ ១ លើវិញ្ញាសា PRO AM SKI. MODIFIED
៣៖ ម្ចាស់មេដាយមាស ២ និងប្រាក់ ២ សាលី ហ្វីលីន ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងទៀត លើវិញ្ញាសា AMATEUR RUNABOUT 1100. Open។
សូមជម្រាបថា សរុបមកទល់ពេលនេះ ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៩គ្រឿងហើយ រួមមានមេដាយមាស ៤ ប្រាក់ ៤ និងសំរឹទ្ធ ១គ្រឿង ខណៈនៅសល់ ៣វិញ្ញាសាទៀត ដែលប្រធានក្រុម សាលី អ៊ូមើត និងសិស្សប្អូន សាលី ហ្វីលីន និង ម៉ីន មូស្ដាន់ ត្រូវបន្ដការប្រកួតនៅថ្ងៃបន្ទាប់ មុនបិទការប្រកួតនាថ្ងៃទី០៨ ខែតុលាខាងមុខ ។
គួរដឹងថា បេសកកម្មលើទឹកដីអាមេរិកលើកនេះ ក្នុងនាមប្រធានក្រុម សាលី អ៊ូមើត បានដឹកនាំកីឡាករវ័យក្មេងកម្ពុជា ៨រូបចូលរួម ក្នុងនោះមាន ៥នាក់ ត្រូវចូលរួមប្រកួតដោយផ្ទាល់ និងកីឡាករថ្នាល ៤រូប គឺចូលរួមរៀនសូត្រ និងដកស្រង់បទពិសោធន៍ ។ សម្រាប់កីឡាករត្រូវធ្វើការប្រកួតបន្ទាប់ពី សាលី ហ្វីលីន គឺមាន កៃ វ៉ាន់ស៊ីដែន, មីន មូស្ដាន់, មីន អូស្មាន់ និងសិស្សច្បង សាលី អ៊ូមើត ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេមផ្ទាល់តែម្ដង៕ ផ្តល់សិទ្ធិដោយ៖ freshnews





