Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ចិននិងវៀតណាមកំពុងត្រៀមរៀបចំ សម្រាប់ដំណើរទស្សនកិច្ចរបស់លោក ស៉ី ជីនពីង ទៅកាន់ទីក្រុងហាណូយ ដែលអាចកើតឡើងនៅខែក្រោយ, នេះបើតាម Reuters

BY Khmerpress October 6, 2023
ចិននិងវៀតណាមកំពុងត្រៀមរៀបចំ សម្រាប់ដំណើរទស្សនកិច្ចរបស់លោក ស៉ី ជីនពីង ទៅកាន់ទីក្រុងហាណូយ ដែលអាចកើតឡើងនៅខែក្រោយ, នេះបើតាម Reuters

(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣នេះ ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ថា ក្រុមមន្រ្តីចិននិងវៀតណាម កំពុងតែ​ត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ទៅកាន់ទីក្រុងហាណូយ ដែលអាចកើតឡើងនៅអំលុងចុងខែ​តុលា ឬមួយក៏នៅខ្ទង់ដើមខែវិច្ឆិកា ខាងមុខ។

ដំណើរទស្សនកិច្ចខាងលើបើជាការពិតនឹងគូសរំលេចឱ្យឃើញ នូវការរីកកាន់តែធំឡើងនៃសារសំខាន់ផ្នែកយុទ្ធសាស្រ្តរបស់ប្រទេសវៀតណាម ស្របពេល​ដែលមហាអំណាច កំពុងតែខិតខំប្រជែងឥទ្ធិពលគ្នានៅក្នុងតំបន់ ចំពោះមុខការកើនឡើងនៃភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៉ីនតោន។ ប្រទេសអាស៊ានមួយនេះ ត្រូវគេមើលឃើញថា កាន់តែមានសារសំខាន់ខ្លាំងទៅៗ សម្រាប់កំពូលមហាអំណាចទាំងពីរ ខណៈវៀតណាមកំពុង​ព្យាយាមពង្រីកតួនាទីរបស់ខ្លួន នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល ដោយនាំចូលសមាសធាតុផ្សំឧស្សាហកម្មពីចិន ដែលខ្លួនដំឡើងមុននាំចេញ​ផលិតផលសម្រេច ទៅកាន់សហរដ្ឋអាមេរិក ឬក៏អឺរ៉ុប។

កាលពីខែកញ្ញា ទីក្រុងវ៉ាស៉ីនតោន ទីបំផុតបានដំឡើងទំនាក់ទំនងជាមួយទីក្រុងហាណូយ ដោយបានលើកសហរដ្ឋអាមេរិកដល់ឋានៈកំពូលស្មើគ្នាជាមួយចិន នៅក្នុងប្រទេសវៀតណាម បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានប្រឹងប្រែងជំរុញកិច្ចប្រឹងប្រែងការទូតជាយូរដែរមកហើយ។ នៅក្នុង​ខែដដែលនោះ គឺប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានទៅបំពេញទស្សនកិច្ចនៅវៀតណាម។ ដោយឡែក យោងតាមទិន្នន័យរបស់​រដ្ឋាភិបាលវៀតណាម ចិនគឺជាអ្នកវិនិយោគធំបំផុតរបស់ប្រទេសអាស៊ានមួយនេះ ដែលបានប្តេជ្ញាចំណាយថវិកាជិត៣ពាន់លានដុល្លារនៅ​វៀតណាម ក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំ២០២៣នេះ ដែលជាចំនួនលើសសហរដ្ឋអាមេរិកដល់ទៅ៦ដង ហើយស្ថិតនៅលំដាប់ទី២ បន្ទាប់ពីសិង្ហបុរី។

គួរបញ្ជាក់ថា ក្នុងនាមជាប្រធានាធិតីចិន លោក ស៉ី ជីនពីង ធ្លាប់ធ្វើដំណើរទៅកាន់វៀតណាមបាន២លើក ដោយលើកចុងក្រោយគឺនៅឆ្នាំ ២០១៧ នៅពេលលោកចូលរួមកិច្ចប្រជុំកំពូលអាស៉ី-ប៉ាស៉ីហ្វិក ជាមួយលោក ដូណាល់ ត្រាំ លោក វ៉ា្លឌីមៀ ពូទីន និងមេដឹកនាំពិភពលោកផ្សេងទៀត។ ទន្ទឹមគ្នានេះ ក៏មានសេចក្តីរាយការណ៍ថា សេតវិមានអាមេរិកបានចាប់ផ្តើមផែនការ ដើម្បីរៀបចំជំនួបទល់មុខ រវាងលោក បៃដិន និងលោក ស៉ី នៅទីក្រុង San Francisco នាខែវិច្ឆិកា ខាងមុខផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: