អ៉ីស្រាអែលប្រកាសបិទខ្ទប់ទាំងស្រុងលើតំបន់ Gaza ដោយនឹងគ្មានអគ្គិសនី ស្បៀងអាហារ ទឹក ឬឥន្ធនៈ ឡើយ
ហ្សេរុយសាឡឹម)៖ ថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានប្រកាសចេញបទបញ្ជាឱ្យធ្វើការបិទខ្ទប់ទាំងស្រុង ចំពោះតំបន់ Gaza ដែលជាមូលដ្ឋានរបស់ក្រុមប៉ាឡេស្ទីន ហាម៉ាស់ (Hamas)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយ ដោយសំដៅលើតំបន់ Gaza Strip ដែលជាទីជម្រករបស់ប្រជាជនប៉ាឡេស្ទីន២.៣លាននាក់ លោកប្រមុខការពារជាតិអ៉ីស្រាអែល បាននិយាយយ៉ាងដូច្នេះថា «ពួកយើងនឹងអនុវត្តការបិទខ្ទប់ជិតទាំងស្រុងតែម្តងចំពោះតំបន់ Gaza ដោយនឹងគ្មានអគ្គិសនី ស្បៀងអាហារ ទឹក ឥន្ធនៈ ឬឧស្ម័ន នោះឡើយ ពោលគឺអ្វីៗនឹងត្រូវបិទខ្ទប់ទាំងអស់»។
គួរបញ្ជាក់ថា ការប្រកាសវិធានការក្តៅខាងលើនេះកើតមានឡើង បន្ទាប់ពីអ៉ីស្រាអែលបានទទួលរង ការឆ្មក់វាយប្រហារទ្រង់ទ្រាយធំសម្បើម ពីសំណាក់ក្រុម Hamas កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។ ទើបតែនៅថ្ងៃចន្ទនេះប៉ុណ្ណោះ ដែលយោធាអ៉ីស្រាអែលបានប្រកាសថា កងកម្លាំងរបស់ខ្លួនបានដណ្តើមការគ្រប់គ្រងពេញលេញមកវិញ នៅតាមតំបន់ដែលរងការលុកលុយដោយពួក Hamas។ ទន្ទឺមគ្នា អ៉ីស្រាអែលក៏បាននិងកំពុងបន្តធ្វើការវាយប្រហារតាមផ្លូវអាកាស និងបាញ់ផ្លោងកាំភ្លើងធំឥតឈប់ឈរ ទៅលើតំបន់ Gaza ផងដែរ។ គិតមកទល់ពេលនេះ មនុស្សប្រហែល១,២០០នាក់ហើយបានស្លាប់ និងរាប់ពាន់នាក់បានរងរបួស ក្នុងសង្រ្គាមរវាងភាគីទាំងពីរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

