Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលអ៉ីស្រាអែល បានអះអាងថា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរក្សាសុវត្ថិភាពជូនជនបរទេសនៅលើទឹកដីខ្លួន

    BY Khmerpress October 10, 2023
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលអ៉ីស្រាអែល បានអះអាងថា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរក្សាសុវត្ថិភាពជូនជនបរទេសនៅលើទឹកដីខ្លួន

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារសំឡេងថ្មីមួយទៀត បង្ហាញពីកិច្ច​អន្តរា​គម​ន៍ និងស្ថានភាពរបស់និស្សិត និងពលរដ្ឋខ្មែរនៅក្នុងប្រទេសអ៉ីស្រាអែល។ សម្តេចធិបតី ក៏​បានលើកបង្ហាញពីការអះអាងរបស់រដ្ឋាភិបាលអ៉ីស្រាអែលមកបញ្ជាក់ផងដែរថា រដ្ឋា​ភិ​បា​ល​​​​អ៉ីស្រាអែល មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធានាសុវត្ថិភាពជូនពលរដ្ឋខ្លួន និងជន​បរទេសនៅលើទឹកដីរបស់ខ្លួន។

    ក្នុងសារសំឡេងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសមានទុក្ខយ៉ាងក្រៀមក្រំ​ចំពោះមរណភាពនិស្សិតខ្មែរមួយរូប ដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍វាយ​ប្រហាររបស់កងកម្លាំងហាម៉ាស់លើទឹកដីអ៉ីស្រាអែល និងចូលរួមរំលែកមរណទុក្ខយ៉ាង​ក្រៀមក្រំជាមួយគ្រួសារសព្វ។

    បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុក​ដាក់​ខ្ពស់បំផុតចំពោះសុវត្ថិភាពនិស្សិត និងពលរដ្ឋខ្មែរនៅអ៉ីស្រាអេល។ មកដល់ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២៣​​នេះ រាជរដ្ឋាភិបាលកម្ពុជា កំណត់បានអត្តសញ្ញាណនិស្សិត និងពលរដ្ឋខ្មែរនៅក្នុងប្រទេសអ៉ីស្រាអែលអស់ហើយ គឺមានចំនួន ៤៥៤នាក់ ហើយបាន​ទាក់​ទងផ្ទាល់ជាមួយពួកគេទាំងអស់ផងដែរ។ ក្នុងចំណោមនិស្សិត និងពលរដ្ឋទាំង​អស់​នេះ មាន ៣២៣​នាក់ បានចល័តដល់ទីតាំងសុវត្ថិភាព និង១៣១នាក់ នៅទីតាំងមាន​ហានិភ័យ។

    បើទោះបីជាយ៉ាងណា មន្ត្រីពាក់ព័ន្ធរបស់កម្ពុជា ព្យាយាមធ្វើការជាមួយអាជ្ញាធរ​អ៉ីស្រា​អែល ដើម្បីជួយសង្គ្រោះ និងជម្លៀសអ្នកនៅតំបន់រងហានិភ័យនេះ ទៅកាន់តំបន់មាន​សុវត្ថិភាព​​ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

    សម្តេចធិបតី បានអះអាងថា «រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នឹងបន្ត​តាម​ដានយ៉ាងយកចិត្តទុកដាក់រហូតដល់ប្រជាពលរដ្ឋខ្មែរយើងនៅក្នុងទឹកដីអ៉ីស្រាអែលគ្រប់រូបបានដល់ទីសុវត្ថិភាពគ្រប់គ្នា»

    សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តអំពាវនាវដល់និស្សិត និងពលរដ្ឋខ្មែរនៅអ៉ីស្រាអែល បន្តយកចិត្តទុកដាក់លើសុវត្ថិភាពរបស់ខ្លួន និងគោរពឱ្យបានម៉ឺងម៉ាត់រាល់ការណែនាំ​របស់​អាជ្ញាធរអ៉ីស្រាអែល និងសូមរក្សាភាពស្ងៀមស្ងាត់ និងជឿលើសមត្ថភាពរបស់អាជ្ញាធរ​អ៉ីស្រាអែល ដែលជាម្ចាស់ផ្ទះក្នុងការធានាសុវត្ថិភាព។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីស្ថាប័នសន្តិសុខជាតិ ស្ថានឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំនៅប្រទេសតួកគី អេហ្ស៉ីប និងមន្ត្រីកុងស៊ុលនៅអ៉ីស្រាអែល និងអ្នកពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ជួយដល់ពលរដ្ឋនិស្សិត និងពលរដ្ឋខ្មែរនៅអ៉ីស្រាអែល៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: