Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ចំនួនពលរដ្ឋថៃដែលបាត់បង់ជីវិតកើនដល់ ១៨នាក់ ដោយសារជម្លោះអ៉ីស្រាអែល-ហាម៉ាស

BY Khmerpress October 10, 2023
ចំនួនពលរដ្ឋថៃដែលបាត់បង់ជីវិតកើនដល់ ១៨នាក់ ដោយសារជម្លោះអ៉ីស្រាអែល-ហាម៉ាស

(បាងកក)៖ រដ្ឋាភិបាលថៃបានឱ្យដឹងនៅថ្ងៃអង្គារនេះថា តួលេខពលរដ្ឋថៃដែលបាត់បង់ជីវិត នៅក្នុងជម្លោះដ៏ហិង្សារវាងអ៉ីស្រាអែល និងក្រុម Hamas បានកើនដល់១៨នាក់ហើយ ខណៈកាលពីម្សិលមិញគឺត្រឹម១២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។

លោក Jakkapong Sangmanee អនុរដ្ឋមន្រ្តីការបរទេសថៃ បានប្រកាសឱ្យដឹងពីតួលេខថ្មីខាងលើនៃអ្នកស្លាប់ ហើយលោកបាននិយាយថា រាជរដ្ឋាភិបាលថៃកំពុងតែធ្វើការ ដើម្បីជម្លៀសជនជាតិថៃរាប់ពាន់នាក់ចេញពីជម្លោះ ដែលបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ។ លោក Jakkapong បាននិយាយថា ជនជាតិថៃខ្ទង់៥,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់មានហានិភ័យខ្ពស់ ទៅកាន់កន្លែងមានសុវត្ថិភាព ហើយជនជាតិថៃជាង៣,០០០នាក់ បានស្នើសុំវិលត្រឡប់មកកាន់ប្រទេសថៃវិញ។ ទន្ទឹមគ្នានេះ ជនជាតិថៃ១១នាក់ ក៏ត្រូវបានចាប់ជាចំណាប់ខ្មាំងផងដែរ។

ក្រសួងការបរទេសថៃ បានអះអាងថា រដ្ឋមន្រ្តីការបរទេសថៃ បានធ្វើការទាក់ទងជាប់ជានិច្ចជាមួយសមភាគីអ៉ីស្រាអែល ហើយបានដាក់​សំណើជាផ្លូវការ ដើម្បីសុំឱ្យខាងអ៉ីស្រាអែល ជួយសម្រេចឱ្យបានការដោះលែងចំណាប់ខ្មាំង។ បើយោងតាមក្រសួងការងារនៃប្រទេសថៃ មានពលករថៃសរុបប្រហែល៣០,០០០នាក់ ដែលស្ថិតនៅក្នុងប្រទេសអ៉ីស្រាអែល ហើយភាគច្រើនធ្វើការក្នុងវិស័យកសិកម្ម។

គួរបញ្ជាក់ថា តួលេខអ្នកស្លាប់នៅខាងអ៉ីស្រាអែល បានកើនដល់ជាង៩០០នាក់ ខណៈនៅខាងតំបន់ហ្កាហ្សាវិញ បានកើនដល់ជាង៧០០នាក់។ ថៃមិនមែនជាប្រទេសតែមួយ ដែលមានពលរដ្ឋក្លាយជាជនរងគ្រោះ ក្នុងអំពើហិង្សារវាងអ៉ីស្រាអែលនិងក្រុម Hamas ឡើយ ដោយពលរដ្ឋ​មកពីប្រទេសមួយចំនួនទៀត ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងនេប៉ាល់ជាដើម សុទ្ធតែស្ថិតក្នុងចំណោមអ្នកស្លាប់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: