FFC បានប្រកាសស្វាគមន៍កីឡាករ Privat Mbarga ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា
(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសស្វាគមន៍កីឡាករជនជាតិកាមេរ៉ូន Privat Mbarga ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា។ ហើយនេះជាលើកទី២ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានសម្រេចផ្តល់កៅអីសម្រាប់កីឡាករបរទេស បន្ទាប់ពីកីឡាករ Yudai Ogawa កាលពីពេលថ្មីៗនេះ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ FFC បានប្រកាសនាព្រឹកថ្ងៃទីពុធនេះបានបញ្ជាក់ថា «ស្វាគមន៍កីឡាករ Privat Mbarga មកកាន់ក្រុមជម្រើសជាតិកម្ពុជា ជូនពរជោគជ័យកក្នុងអនាគតបាល់ទាត់ជាមួយជម្រើសជាតិយើង»។
រំលឹកផងថា Pirivat Mbarga កើតនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៩២ ប្រទេសកាម៉េរូន ដោយមានឈ្មោះពេញថា 𝗝𝗲𝗮𝗻 𝗠𝗮𝗿𝗶𝗲 𝗣𝗿𝗶𝘃𝗮𝘁 𝗕𝗲𝗳𝗼𝗹𝗼 𝗠𝗯𝗮𝗿𝗴𝗮 នឹងបានប្រកបអាជីពបាល់ទាត់ក្នុងលីគកម្ពុជា លើកដំបូងនៅឆ្នាំ២០១៣ ជាមួយក្លិបបឹងកេត និងបន្តចេញទៅលេងនៅក្លិបវេស្ទើនភ្នំពេញ នៅឆ្នាំ២០១៤។
រូបគេក៏បន្តទៅលេងឲ្យក្រុមខេមបូឌានថាយហ្គឺរ (អង្គរថាយហ្គឺរ) នៅឆ្នាំ២០១៥ ធ្លាប់លេងជាមួយណាហ្គាវើលដ៍ (២០១៦), ហើយបានចេញទៅលេងនៅប្រទេសថៃជាមួយ ក្លិប 𝗦𝗮𝗺𝘂𝘁 𝗣𝗿𝗮𝗸𝗮𝗻 មួយឆ្នាំ (២០១៧), ខណៈបានត្រលប់មកកម្ពុជាវិញនិងចូលរួមជាមួយ អាស៊ីអឺរ៉ុបយូណាយធីត (២០១៨)។
ហើយក៏បានបន្តលេងជាមួយក្លិបព្រះខ័នរាជស្វាយរៀង (២០១៩ ដល់២០២១) ជាទីដែលរូបគេឈ្នះជើងឯកលីគកំពូលកម្ពុជាលើកដំបូង និងបច្ចុប្បន្នកំពុងលេងនៅ ក្លិប 𝗕𝗮𝗹𝗶 𝗨𝗶𝘁𝗲𝗱 នៃលីគកំពូលប្រទេសឥណ្ឌូណេស៊ី។
តាមរយៈការប្រកាសជាសាធារណៈនេះ មានន័យថា Privat Mbarga បានក្លាយជាកីឡាករបរទេសចូលសញ្ជាតិកម្ពុជាទីពរ បន្ទាប់ពីកីឡាករ Yudai Ogawa ដែលបានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ជាពិសេសការប្រកួតពានរង្វាន់ FIFA World Cup 2026 វគ្គជម្រុះជុំទី១ ប្រចាំតំបន់អាស៊ី រវាងក្រុមគោព្រៃកម្ពុជា និងប៉ាគីស្ថាន នាថ្ងៃទី១២ និងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ហើយតាមលទ្ធផលឈ្នះរបស់ក្រុមកម្ពុជា រឺប៉ាគីស្ថាន និងឈានទៅប្រកួតជុំទី២ វគ្គចែកពូល G ដែលមានក្រុមអារ៉ាប៊ីសាអ៊ូឌីត, តាជីគីស្ថាន និងហ្ស៊កដានី ជាបន្តទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews




