ក្រសួងសុខាភិបាលនៅតំបន់ Gaza អះអាងថា តួលេខមនុស្សបាត់បង់ជីវិតបន្តកើនដល់២,៧៥០នាក់ ដោយសារការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល
(ហ៊្សេរុយសាឡិម)៖ នៅរសៀលថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលនៃតំបន់ Gaza Strip បានឱ្យដឹងថា តួលេខអ្នកស្លាប់ដោយសារ ការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល បានកើនដល់ខ្ទង់ ២,៧៥០នាក់ហើយ ក្នុងរយៈពេលប្រមាណ១០ថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។
ក្រសួងសុខាភិបាលតំបន់ Gaza ដែលគ្រប់គ្រងដោយក្រុម Hamas បាននិយាយថា គិតចាប់តាំងពីថ្ងៃទី៧ ខែតុលាមក មនុស្សសរុបបន្តកើនដល់២,៧៥០នាក់ហើយ ដែលបានបាត់បង់ជីវិត និងប្រហែល៩,៧០០នាក់ទៀតបានរងរបួស ក្រោមការវាយប្រហារតាមផ្លូវអាកាសឥតឈប់ឈររបស់អ៉ីស្រាអែល ដែលជាការសងសឹកទៅលើក្រុម Hamas សម្រាប់សកម្មភាពឆ្មក់វាយប្រហារទ្រង់ទ្រាយធំរបស់ពួកគេ ចូលទៅកាន់ភាគខាងត្បូងអ៉ីស្រាអែល ហើយបានផ្តាច់ជីវិតមនុស្សជាង១,៣០០នាក់ និងចាប់មនុស្សជាង១៥០នាក់ យកទៅតំបន់ Gaza ដើម្បីធ្វើជាចំណាប់ខ្មាំង។
គួរបញ្ជាក់ថា ក្រៅពីអ្នកស្លាប់និងរបួស ប្រជាជនប៉ាឡេស្ទីន១លាននាក់ ក៏បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេផងដែរនៅ Gaza ខណៈអ៉ីស្រាអែលកំពុងត្រៀមធ្វើសង្រ្គាមតាមជើងគោកវិញម្តង បន្ទាប់ពីបានផ្តោតវាយប្រហារតែតាមផ្លូវអាកាស។ ប្រតិបត្តិការវាយលុកជើងគោករបស់អ៉ីស្រាអែល ត្រូវបានគេព្រួយបារម្ភថា អាចនឹងបង្កហានិភ័យនៃការផ្ទុះជម្លោះរីករាលដាលធំទូទាំងតំបន់ ហើយបណ្តាលឱ្យមានផលវិបាកកាន់តែខ្លាំងធ្ងន់ធ្ងរ ជាងពេលនេះទៅទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

