ព័ត៌មានអន្តរជាតិ October 17, 2023

LinkedIn ប្រកាសបញ្ឈប់បុគ្គលិកក្នុងជុំទី២ សរុបជិត ១៥០០នាក់

Khmerpress

(បរទេស)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ ក្រុមហ៊ុន LinkedIn ដែលជាបុត្រសម្ព័ន្ធរបស់ Microsoft បានប្រកាសបញ្ឈប់បុគ្គលិកចំនួន ៦៦៨នាក់បន្ថែមទៀត ខណៈការបញ្ឈប់នេះនឹងប៉ះពាល់ដល់បុគ្គលិកចំនួន ៣ផ្នែករួមមាន ផ្នែកវិស្វកម្ម ធនធានមនុស្ស និងគណនេយ្យ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

នេះគឺជាជុំទីពីរនៃការបញ្ឈប់ការងារសម្រាប់ក្រុមហ៊ុន LinkedIn នៅឆ្នាំនេះ បន្ទាប់ពីការសម្រេចចិត្តកាលពីខែឧសភាក្នុងការកាត់បន្ថយបុគ្គលិកប្រមាណ ៧១៦នាក់។ តាមប្រសាសន៍របស់នាយកប្រតិបត្តិ LinkedIn លោក Ryan Roslansky បាននិយាយនៅក្នុងអនុស្សរណៈមួយទៅកាន់និយោជិតថា ការបញ្ឈប់បុគ្គលិកគឺចាំបាច់ដើម្បី «ធានាថាយើងមានទីតាំងល្អបំផុតសម្រាប់កំណើន និងភាពជោគជ័យរយៈពេលវែង»។ លោកក៏បាននិយាយផងដែរថា ក្រុមហ៊ុននឹង«ពន្យឺតល្បឿននៃការជួលបុគ្គលិកពេញមួយឆ្នាំតែម្តង»។

គួរជម្រាបដែរថា ការបញ្ឈប់ការងារនៅ LinkedIn គឺជាផ្នែកមួយនៃនិន្នាការកាន់តែធំនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា ដោយសារក្រុមហ៊ុនកំពុងដោះស្រាយជាមួយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច និងអតិផរណាកើនឡើង។ ដោយឡែកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក្រៅតែពី LinkedIn នៅមានក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀតដែលបានប្រកាសបញ្ឈប់បុគ្គលិកដែលក្នុងនោះរួមមាន Meta, Twitter និង Netflix ក៏សុទ្ធតែជួបវិបត្តិសេដ្ឋកិច្ចខ្លាំងផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews