Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ចិនប្រកាសបញ្ចូលថវិកាថ្មីចំនួន១០០ពាន់លានដុល្លារ ទៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ

BY Khmerpress October 18, 2023
ចិនប្រកាសបញ្ចូលថវិកាថ្មីចំនួន១០០ពាន់លានដុល្លារ ទៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ

(ប៉េកាំង)៖ លោកប្រធានាធិបតី ស៉ី ជីនពីង បាននិយាយនៅថ្ងៃពុធនេះថា ចិននឹងបញ្ចូលមូលនិធិថ្មីក្នុងទំហំទឹកប្រាក់ជាង ១០០ពាន់លានដុល្លារ ទៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ហៅកាត់ BRI របស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០២៣។

លោក ស៉ី បានប្រកាសថា ធនាគារអភិវឌ្ឍន៍ចិន និងធនាគារនាំចេញ-នាំចូល ដែលជាអ្នកផ្តល់កម្ចីដ៏សំខាន់នៅក្នុងគម្រោងខ្សែក្រវាត់និងផ្លូវ នាពេលឥឡូវនេះ នឹងផ្តល់ប្រាក់កម្ចីបន្ថែមចំនួន១០០ពាន់លានដុល្លារទៀត។ ធនាគារទាំងពីរនឹងបង្កើតឱកាសផ្តល់ហិរញ្ញប្បទានចំនួន ៣៥០ពាន់លានយន់ ឬស្មើនឹង ៤៧.៩ពាន់លានដុល្លារ សម្រាប់គម្រោង BRI។ ទឹកប្រាក់បន្ថែមចំនួន ៨០ពាន់លានយន់ផ្សេងទៀត នឹងត្រូវចាក់បញ្ចូលទៅក្នុងស្ថាប័នផ្តល់ប្រាក់កម្ចីផ្លូវការនៃគម្រោងនេះ គឺមូលនិធិផ្លូវសូត្រ។

គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាសសរស្តម្ភស្នូលនៃផែនការពង្រីកឥទ្ធិលចិនទៅក្រៅប្រទេស របស់លោក ស៉ី ជិនពីង ដោយទីក្រុងប៉េកាំងនិយាយថា ឥឡូវនេះខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យា ក្នុងទំហំទឹកប្រាក់ជាង ២ពាន់ពាន់លានដុល្លារហើយ នៅជុំវិញពិភពលោក។ អ្នកគាំទ្រ បានសាទរចំពោះការផ្តល់ធនធាន និងជំរុញកំណើនសេដ្ឋកិច្ចមកកាន់លោកខាងត្បូង។

គួរបញ្ជាក់ថា ចិន បាននិងកំពុងរៀបចំវេទិកាខ្សែក្រវាត់ និងផ្លូវ ដោយមានការចូលរួមពីតំណាងប្រទេសចំនួន ១៣០ ហើយជាកិច្ចប្រជុំកំពូលដ៏ធំលើកទី ៣រៀបចំដោយទីក្រុងប៉េកាំង ចាប់តាំងពីការដាក់សម្ពោធគំនិតផ្តួចផ្តើមនេះ កាលពីឆ្នាំ២០១៣៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: