ព័ត៌មានអន្តរជាតិ October 19, 2023

រុស្ស៉ីបញ្ជូនជំនួយមនុស្សធម៌ចំនួន២៧តោន សម្រាប់ប្រជាជនស៉ីវិលនៅតំបន់ Gaza

Khmerpress

(មូស្គូ)៖ ក្រសួងស្ថានការណ៍គ្រាអាសន្ននៃប្រទេសរុស្ស៉ី បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ រុស្ស៉ីបានបញ្ជូនជំនួយមនុស្សធម៌ចំនួន២៧តោន សម្រាប់ប្រជាជនស៉ីវិលប៉ាឡេស្ទីន នៅឯតំបន់ Gaza Strip ដែលនឹងត្រូវដឹកជញ្ជូនទៅកាន់ទីនោះ ពីប្រទេសអេហ្ស៉ីប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣។

លោក Ilya Denisov ដែលជាអនុរដ្ឋមន្រ្តីនៃក្រសួងខាងលើ បាននិយាយដូច្នេះថា «យន្តហោះពិសេសមួយ១គ្រឿង បានចេញដំណើរ​ពីព្រលានយន្តហោះនៅក្រុង Ramenskoye ក្បែរទីក្រុងមូស្គូ ឆ្ពោះទៅកាន់ទីក្រុង El-Arish នៃប្រទេសអេហ្ស៉ីប។ ជំនួយមនុស្សធម៌របស់រុស្ស៉ី នឹងត្រូវប្រគល់ឱ្យទៅអឌ្ឍចន្ទក្រហមរបស់អេហ្ស៉ីប ដើម្បីបញ្ជូនទៅតំបន់ Gaza Strip»។ បើតាមលោក Denisov ជំនួយនោះរួមមានស្បៀងអាហារ ដូចជាស្រូវសាលី ស្ករ អង្ករ និងមី។

កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីកិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឱ្យជំនួយមនុស្សធម៌ ដែលកំពុងត្រូវការជាចាំបាច់ អាចចូលទៅកាន់តំបន់ Gaza បាន ជាទីដែលប្រជាជនប៉ាឡេស្ទីនប្រមាណជា១លាននាក់ បានរត់ភៀសខ្លួនពី​ផ្ទះសម្បែងរបស់ពួកគេ ចំពោះមុខយុទ្ធនាការទម្លាក់គ្រាប់បែក យ៉ាងខ្លាំងក្លារបស់អ៉ីស្រាអែល។

គួរបញ្ជាក់ថា ក្រោយមានកិច្ចពិភាក្សាទល់មុខគ្នានៅអ៉ីស្រាអែល បូករួមនិងកិច្ចប្រឹងប្រែងការទូតតាមប្រព័ន្ធទូរសព្ទជាមួយអេហ្ស៉ីប លោក បៃដិន បាននិយាយថា រថយន្តដឹកជំនួយដែលត្រូវបានកំណត់ចំនួន នឹងត្រូវអនុញ្ញាតឱ្យបើកឆ្លងច្រកព្រំដែន Rafah ដែលកន្លងមកនេះ​ត្រូវបានបិទ ពីប្រទេសអេហ្ស៉ីប ចូលទៅកាន់ Gaza ចាប់ពីថ្ងៃសុក្រនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews