ព័ត៌មានអន្តរជាតិ

វ៉ាក់សាំងបង្ការកូវីដ-១៩ Sinovac របស់ចិនបន្ថែមទៀត ត្រូវបានដឹកជញ្ជូនដល់ហ្វីលីពីន

BY
Khmerpress
June 10, 2021
វ៉ាក់សាំងបង្ការកូវីដ-១៩ Sinovac របស់ចិនបន្ថែមទៀត ត្រូវបានដឹកជញ្ជូនដល់ហ្វីលីពីន

(ម៉ានីល)៖ ប្រទេសហ្វីលីពីននៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមានឈ្មោះសម្គាល់ថា កូរ៉ូណាវ៉ាក់ (CoronaVac) របស់ក្រុមហ៊ុនផលិតឱសថ ស៉ីណូវ៉ាក់ (Sinovac) ជាច្រើនដូសបន្ថែមទៀតហើយពីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។

ប្រទេសចិនបានបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាលើកដំបូងរបស់ខ្លួនជូនដល់ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅនេះ ដែលបានអនុញ្ញាតឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកាលពីថ្ងៃទី០១ ខែមីនាកន្លងទៅនេះ។

ប្រទេសហ្វីលីពីនបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនជាង ៦លានដូសហើយ ក្នុងនោះរួមមានក្រុមបុគ្គលិកសុខាភិបាលជួរមុខ ក្រុមមនុស្សវ័យចំណាស់ និងក្រុមអ្នកដែលមានបញ្ហាសុខភាព ខណៈប្រទេសនេះមានគោលបំណងចាក់វ៉ាក់សាំង ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ ៧០លាននាក់នៅត្រឹមឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសហ្វីលីពីនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១,២៩៣,៦៨៧ករណី ក្នុងនោះមានអ្នកស្លាប់ ២២,៣១២នាក់ និងអ្នកជាសះស្បើយ ១,២១៤,៥៤៥នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: