ព័ត៌មានអន្តរជាតិ

អាមេរិក៖ រកឃើញករណីឆ្លងកូវីដ-១៩ លើនាវាខ្នាតធំមួយគ្រឿង ដែលដឹកអ្នកទេសចរជាង ៦០០នាក់

BY
Khmerpress
June 11, 2021
អាមេរិក៖ រកឃើញករណីឆ្លងកូវីដ-១៩ លើនាវាខ្នាតធំមួយគ្រឿង ដែលដឹកអ្នកទេសចរជាង ៦០០នាក់

(ម៉ៃអាមី)៖ អ្នកដំណើរ ០២នាក់នៅលើកប៉ាល់ខ្នាតធំមួយគ្រឿង ដែលធ្វើដំណើរពីអាមេរិកខាងជើង ចាប់តាំងពីមានការឆ្លងរាតត្បាតនៃជំងឺ COVID-19 ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះជំងឺនេះ ខណៈអ្នកដំណើរ និងនាវិកទាំងអស់សុទ្ធតែបានចាក់ វ៉ាក់សាំងបង្ការជំងឺនេះរួចរាល់ហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។

កប៉ាល់ខាងលើមានឈ្មោះថា សេឡេប្រ៊ែធី មីលឡិននាម (Celebrity Millennium) ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ ខារីបៀន (Royal Caribbean) ដែលដឹកអ្នកដំណើរប្រហែល ៦០០នាក់ និងនាវិកប្រហែល ៦៥០នាក់បានធ្វើដំណើរចេញពីកោះ សាំង ម៉ាទីន (Saint Maarten) នៃដែនសមុទ្រការីបៀន (Caribbean Island) កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន សម្រាប់ដំណើរកម្សាន្តរយៈពេល ០៧ថ្ងៃ រាប់បញ្ចូលទាំងការចូលចតនៅ ដែនកោះបាបាដុស (Barbados), អារូបា (Aruba) និងគូរ៉ាកាវ (Curacao) ផងដែរ។

ក្រុមហ៊ុន Royal Caribbean បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ្នកដំណើរ ០២នាក់នៅលើកប៉ាល់ Celebrity Millennium ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ខណៈពេលកំពុងធ្វើតេស្តលើកចុងក្រោយនៅលើកប៉ាល់។ ពួកគេទាំងពីរ គឺមិនមានរោគសញ្ញាអ្វីឡើយ ហើយបច្ចុប្បន្ននេះ កំពុងស្ថិតនៅក្នុងការដាក់ឱ្យនៅដាច់ដោយឡែក»។

ក្រុមហ៊ុន Royal Caribbean បានគូសបញ្ជាក់បន្ថែម នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលថា កប៉ាល់របស់ខ្លួនបានធ្វើតាមគោលការណ៍ណែនាំរបស់សហរដ្ឋអាមេរិច ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ហើយដែលអ្នកដំណើរទាំងអស់ត្រូវតែបង្ហាញ លិខិតបញ្ជាក់អំពីការចាក់វ៉ាក់សាំង ក៏ដូចជាការធ្វើតេស្តអវិជ្ជមានចំពោះជំងឺនេះផងដែរ មុនពេលចេញដំណើរ។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) នាពេលបច្ចុប្បន្ននេះ គឺតម្រូវឱ្យអ្នកដំណើរ និងនាវិកច្រើនជាង ៩៥ភាគរយត្រូវទទួលការចាក់វ៉ាក់សាំង ទើបអនុញ្ញាតឱ្យខ្សែនាវាទេសចរណ៍នោះ អាចឆ្លងកាត់សម្រាប់ដំណើរកម្សាន្តបាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: