ព័ត៌មានអន្តរជាតិ November 10, 2023

សោកស្ដាយណាស់! ម្ចាស់កម្មវិធីប្រកួត «បវរកញ្ញាចក្រវាឡ» នៅប្រទេសថៃដាក់ពាក្យក្ស័យធន ព្រោះតែបញ្ហាបំណុល

Khmerpress

(ថៃ)៖ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយថៃ JKN Global Group ដែលជាម្ចាស់យីហោនៃកម្មវិធីប្រកួតសម្រស់ បវរកញ្ញាចក្រវាល (Miss Universe) បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនបានដាក់ពាក្យក្ស័យធន ស្របពេលដែលក្រុមហ៊ុន ព្យាយាមដោះស្រាយបញ្ហាសាច់ប្រាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុមហ៊ុន JKN Global Group បានធ្វើការបញ្ជាក់ពីបញ្ហាក្ស័យធននេះ តាមរយៈសេចក្តីថ្លែងការណ៍មួយ ទៅកាន់ផ្សារភាគហ៊ុនថៃរយៈពេលពីរខែ បន្ទាប់ពីខ្លួនខកខានក្នុងការសងមូលបត្របំណុល ដែលមានតម្លៃប្រហែល ១២លានដុល្លារអាមេរិក តាមកាលបរិច្ឆេទដែលបានកំណត់។ មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយថៃឈ្មោះថា Anne Jakapong Jakrajutatip បានទិញសិទ្ធនៃកម្មវិធីប្រកួតសម្រស់ Miss Universe នេះ ក្នុងតម្លៃ ២០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដែលពីមុនជាកម្មសិទ្ធិរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump។

ជុំវិញបញ្ហានេះ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន JKN បាននិយាយថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួន បានយល់ព្រមនៅថ្ងៃអង្គារ៍សប្តាហ៍នេះ ដើម្បីដាក់ផែនការស្តារអាជីវកម្មឡើងវិញ ទៅកាន់តុលាការក្ស័យធន របស់ព្រះរាជាណាចក្រថៃ ដោយអះអាងថា «ការបញ្ជូនញត្តិដើម្បីដោះស្រាយបញ្ហាសាច់ប្រាក់របស់ក្រុមហ៊ុន គឺប្រកបដោយប្រសិទ្ធភាព ក្រោមយន្តការច្បាប់ និងផ្តល់ការការពារ ដោយយុត្តិធម៌ដល់ភាគីពាក់ព័ន្ធទាំងអស់»។ បន្ថែមពីនេះ រាល់ប្រតិបត្តិការនៃដំណើរការតាមផែនការដដែល។ តុលាការក្ស័យធនថៃ (The Thai Bankruptcy Court) បានកំណត់ថ្ងៃបើកសវនាការ លើញត្តិសម្រាប់ការស្តារអាជីវកម្មឡើងវិញនេះ នៅថ្ងៃទី២៩ ខែមករាខាងមុខ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីព័ត៌មាននេះត្រូវបានចុះផ្សាយ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន JKN បានធ្លាក់ចុះជិត ៨០ភាគរយក្នុងរយៈពេល ១២ខែចុងក្រោយនេះ ដោយឈរនៅតម្លៃ ០.០២២ដុល្លារអាមេរិក កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews