កម្ពុជាម្ចាស់ផ្ទះ! កម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ ដែលមានបេក្ខនារីចូលរួម ៤២ប្រទេសជុំវិញពិភពលោក បានបើកដំណើរការនៅព្រឹកនេះ
(ភ្នំពេញ)៖ កម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ (Miss Planet International 2023) ដែលបានរៀបចំជាលេីកទី៣ ក្នុងនាមកម្ពុជាធ្វេីជាម្ចាស់ផ្ទះ បានចាប់ផ្តើមបើកដំណើរការប្រកួតនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះហើយ ដែលមានបេក្ខនារីចូលរួមមកពី ៤២ប្រទេសជុំវិញពិភពលោក ដើម្បីធ្វើជាសាក្សីក្នុងការចាប់ផ្តើមនៃការប្រកួតអន្តរជាតិដ៏មានកិត្យានុភាពនេះ ដែលប្រារព្ធឡើងនូវភាពស្រស់ស្អាត វប្បធម៌ និងការយល់ដឹងអំពីបរិស្ថាន។

ពិធីបើកការប្រកួតនេះដែរបានធ្វើឡើងនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាចោមចៅ ក្រោមអធិបតីភាពលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា, លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រួមទាំងមានការចូលរួមពី Miss Planet មកពី ៤២ប្រទេសជុំវិញពិភពលោក រួមទាំងមានអ្នកចូលរួមជាច្រើនរូបទៀត។
គួរបញ្ជាក់ថា Miss Planet International គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិ ដែលទទួលស្គាល់ជាសាកល ដេីម្បីលើកកម្ពស់មនសិការបរិស្ថាន ភាពសម្បូរបែបនៃវប្បធម៌ និងការពង្រឹងអំណាចរបស់ស្ត្រី។ ការប្រកួតនេះបានប្រមូលផ្តុំបេក្ខនារីមកពីជុំវិញពិភពលោក ដើម្បីបង្ហាញពីភាពស្រស់ស្អាត ទេពកោសល្យ និងការប្តេជ្ញាចិត្តចំពោះនិរន្តរភាពបរិស្ថាន។ តាមរយៈកម្មវិធីប្រកួតជ្រើសរើសបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣នេះ នឹងចូលរួមចំណែកដល់ការផ្សព្វផ្សាយ ការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា និងជំរុញឱ្យមានការចាប់អារម្មណ៍ពីសកលលោកកាន់តែច្រើនមកលើកម្ពុជា និងទទួលស្គាល់កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងសន្តិភាពពិតប្រាកដ។
បើតាមបញ្ជាក់របស់លោកស្រី Halley Amin ស្ថាបនិកកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិ បានឱ្យដឹងថា កម្មវិធីបវកញ្ញាភពផែនដីអន្តរជាតិ បានបង្កើតខ្លួនជាវេទិកាមួយដែលមិនត្រឹមតែបង្ហាញពីភាពឆើតឆាយ ភាពស្រស់ស្អាត និងគុណធម៌របស់បេក្ខនារីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសង្កត់ធ្ងន់យ៉ាងខ្លាំងលើការតស៊ូមតិ និងនិរន្តរភាពបរិស្ថានផងដែរ។ នៅពេលដែលព្រឹត្តិការណ៍នេះបន្តរីកចម្រើនក្នុងភាពល្បីល្បាញជាសកល ការប្រកួតលើកទី៣នេះ ដោយសន្យាថានឹងជាការបង្ហាញដ៏អស្ចារ្យ វប្បធម៌ប្លែកៗ និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីការពារភពផែនដីរបស់យើង។
លោកស្រី Halley Amin បានបញ្ជាក់ទៀតថា កម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ លើកទី៣នេះ គឺមានលក្ខណៈធំជាងរាល់ដង ដោយសារលើកនេះមានបេក្ខនារីចូលរួមចន្លោះពី ៤៥ ទៅ ៥៥ប្រទេស ដើម្បីប្រូម៉ូតវិស័យទេសចរ វប្បធម៍ជាតិ និងបរិស្ថានទៅកាន់ពិភពលោក។
សូមបញ្ជាក់ថា កម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ (Miss Planet International 2023) បានរៀបចំជាលេីកទី៣ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលនឹងមានបេក្ខភាពបេក្ខនារីរបស់ប្រទេសទាំងអស់ នឹងមកដល់ប្រទេសកម្ពុជាចន្លោះថ្ងៃទី១០-១១ ហើយនៅថ្ងៃទី១២ នឹងចាប់ផ្តើមកម្មវិធី។ នៅថ្ងៃទី១៤ បេក្ខនារីនឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីថតផ្សព្វផ្សាយពីតំបន់អរិយធម៍ និងវប្បធម៍ ជាមួយនឹងការរៀបកម្មវិធីទាក់ទងនឹងបរិស្ថានជាមួយនឹងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews





