Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសកំណត់យកតំបន់ភ្នំគូលែន ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ធម្មជាតិ

    BY Khmerpress November 13, 2023
    សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសកំណត់យកតំបន់ភ្នំគូលែន ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ធម្មជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសកំណត់យកភ្នំគូលែន ជាគោលដៅទេសចរណ៍ធម្មជាតិ។ ភ្នំគូលែន មានទីតាំងស្ថិតនៅក្នុងស្រុកស្វាយលើ ប៉ែកខាងកើត និងប៉ែកខាងជើង ស្រុកបន្ទាយស្រីនៅប៉ែកខាងត្បូង និងស្រុកវ៉ារិន នៅប៉ែកខាងលិច ហើយគ្របដណ្តប់លើឃុំចំនួន២ គឺឃុំខ្នងភ្នំនៃស្រុកស្វាយលើ និងឃុំឃុនរាម នៃស្រុកបន្ទាយស្រី។

    ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ការបង្កើតខ្សែចង្វាក់បៃតង នៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីជំរុញការផ្គត់ផ្គង់បន្លែ សាច់ របស់ប្រជាកសិករ នៅមូលដ្ឋានអាជីវកម្មទេសចរណ៍ […] ទី២៖ គឺការអនុវត្តភ្នំគូលែន ជាគោលដៅទេសចរណ៍ធម្មជាតិ»

    សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងទេចរណ៍ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនសិក្សាលើសំណើររបស់ ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទេសចរណ៍ធម្មជាតិនានា ដើម្បីពិនិត្យលទ្ធភាពផ្គត់ផ្គង់ផលិតផលនៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍។

    ភ្នំគូលែន មានសក្តានុពលធនធានធម្មជាតិ-វប្បធម៌ សេដ្ឋកិច្ច និងសង្គមប្រព័ន្ធអេកូឡូស៊ីព្រៃស្រោង និងពាក់កណ្ដាលស្រោង សម្បូរធនធានជីវៈចម្រុះ សរុបចំនួន ៧៧៩ប្រភេទ ក្នុងនោះដែរ រួមទាំងសត្វ ២៨ប្រភេទ ជាប្រភេទដែលជិតផុតពូជ និងរុក្ខជាតិ ១០ប្រភេទ ជាប្រភេទទទួលរងការគំរាមកំហែងនៅលើពិភពលោក ហើយត្រូវបានកត់ត្រានៅក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN ផងដែ។

    ភ្នំគូលែន គឺជាជួរភ្នំតូចមួយដែលមានកម្ពស់ខ្ពស់ល្មមហើយស្ថិតនៅភាគខាងត្បូងជួរភ្នំដងរែក។ ភ្នំគូលែនលាតសន្ធឹងប្រវែងប្រហែល ៤០គីឡូម៉ែត្រ ពីប៉ែកខាងលិចឈៀងខាងជើង ទៅខាងកើតឈៀងខាងត្បូង ដែលមានចម្ងាយប្រហែល ៤៨គីឡូម៉ែត្រ នៅខាងជើងក្រុងសៀមរាប។ ចំណែកកំពូលភ្នំទាំងអស់មានកម្ពស់ប្រហាក់ប្រហែលគ្នា ដែលមានកម្ពស់ជាមធ្យម ៤០០ម៉ែត្រ។ កំពូលដែលខ្ពស់បំផុតគឺមានកម្ពស់ ៤៨៧ម៉ែត្រ។

    គួរបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ នៃមុំទី២ ទី៤ និងទី៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្នដោយជំរុញការលើកកម្ពស់ ការទាក់ទាញវិនិយោគ ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: