Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងដាក់ដំណើរការ ប្រព័ន្ធត្រួតពិនិត្យអ្នកដំណើរ E-Arrival នៅព្រលានយន្តហោះសៀមរាប-អង្គរមុនគេ នៅដើមឆ្នាំក្រោយ

    BY Khmerpress November 16, 2023
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងដាក់ដំណើរការ ប្រព័ន្ធត្រួតពិនិត្យអ្នកដំណើរ E-Arrival នៅព្រលានយន្តហោះសៀមរាប-អង្គរមុនគេ នៅដើមឆ្នាំក្រោយ

    (សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានថ្លែងថា ប្រព័ន្ធត្រួតពិនិត្យអ្នកដំណើរចូលកម្ពុជា E-Arrival នឹងត្រូវដាក់ឲ្យដំណើរការ នៅព្រលានយន្តហោះសៀមរាប-អង្គរមុនគេបង្អស់ នៅដើមឆ្នាំ២០២៤ ខាងមុខនេះ។

    ថ្លែងក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានឲ្យដឹងថា យោងតាមដំណឹងពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គម្រោងនេះនឹងត្រូវរៀបចំរួចរាល់នៅចុងឆ្នាំ២០២៣ ខណៈការដាក់ឲ្យដំណើរការជាគម្រោងគំរូតែម្តង នៅឆ្នាំ២០២៤។

    សម្តេចធិបតី មានប្រសាសន៍បញ្ជាក់យ៉ាងូច្នេះថា «ខ្ញុំក៏សូមផ្តល់ជូនដំណឹងផងដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់កម្ពុជា បានរៀបចំអនុវត្តគម្រោងថ្មីមួយ ពាក់ព័ន្ធនឹង E-Arrival ដើម្បីទីមួយ ជួយសម្រួលក្នុងការធ្វើឲ្យមានភាពសាមញ្ញក្នុងការបំពេញឯកសារ ជា Custom និងអន្តោប្រវេសន៍ ហើយទីពីរ កាត់បន្ថយការប្រើប្រាស់ក្រដាស ទៅជាការប្រើប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិច។ អញ្ចឹង ភ្ញៀវដែលមកទីនេះមិនបាច់ឆ្លងកាត់ការបំពេញទម្រង់ទេ ដើម្បីងាយស្រួល។ គម្រោងនេះ ដែលត្រូវធ្វើឲ្យចប់ចុងឆ្នាំ២០២៣ នឹងត្រូវអនុវត្តជាគម្រោងគម្រូ Pilot Project នៅព្រលានយន្តហោះខេត្តសៀមរាបមុនគេ នៅឆ្នាំ២០២៤»។

    ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរទំនាក់ទំនងប្រជាជនកម្ពុជា-ចិន ដូច្នេះនឹងមានការចូលមកទេសចរណ៍ច្រើនពីប្រជាពលរដ្ឋចិន។ សម្តេចធិបតី បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅដល់ប្រជាពលរដ្ឋចិន មកទស្សនាកម្ពុជា។

    សម្តេចធិបតី ក៏បានណែនាំដល់អាជ្ញាធរខេត្តសៀមរាប ខិតខំធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ សម្តេចធិបតី បានទៀតថ្លែងថា ដើម្បីធ្វើឱ្យវិស័យទេសចរណ៍នៅខេត្ត​សៀម​រាបកាន់តែរស់រវើកនោះ រាជរដ្ឋាភិបាលនឹងគិតគូរការតភ្ជាប់ជើងហោះហើរត្រង់​ទៅកាន់តំបន់ទេសចរណ៍មានសក្តានុពលនៅ​ប្រទេសនានា និងការពង្រីកវិសាលភាពនៃការប្រើប្រាស់បណ្ណព្រំដែន។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យប្រើប្រាស់ព្រលានយន្តហោះ និងការដាក់ចេញយុទ្ធសាស្ត្រ «ទស្សនាសៀមរាប ឆ្នាំ២០២៤» គឺជាការជួយស្រោចស្រង់ទេសចរណ៍នៅសៀមរាបឡើងវិញ។ សម្តេចធិបតី បានថ្លែងបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងក្លាយជាកាលានុវត្តភាពប្រកបដោយសក្តានុពលដ៏ខ្លាំងក្លា និងសំខាន់សម្រាប់​វិស័យទេសចរណ៍ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់​របស់កម្ពុជានិយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ និងវិស័យសេដ្ឋកិច្ច​នៅទូទាំងប្រទេសនិយាយជារួម៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: