ព័ត៌មានអន្តរជាតិ

ទណ្ឌកម្មពីអាមេរិកធ្វើឲ្យវេណេស៊ុយអេឡា មិនអាចបង់ប្រាក់ទៅ COVAX ដើម្បីទទួលបានវ៉ាក់សាំងកូវីដ-១៩

BY
Khmerpress
June 11, 2021
ទណ្ឌកម្មពីអាមេរិកធ្វើឲ្យវេណេស៊ុយអេឡា មិនអាចបង់ប្រាក់ទៅ COVAX ដើម្បីទទួលបានវ៉ាក់សាំងកូវីដ-១៩

(ការ៉ាកាស់)៖ រដ្ឋាភិបាលវេណេស៊ុយអេឡាបានអះអាងថា ខ្លួនមិនបំពេញតាមលក្ខខណ្ឌបង់ប្រាក់ ទៅកាន់កម្មវិធី COVAX ដើម្បីទទួលបានវ៉ាក់សាំងបង្ការ COVID-19 ទៅតាមការកំណត់ឡើយ ព្រោះដំណើរការទាំងមូលត្រូវបានរាំងស្ទះ ដោយសារតែទណ្ឌកម្មពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បានលើកឡើងជារឿយៗថា ខ្លួនមិនអាចធ្វើការបង់ប្រាក់ ទៅកាន់កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX បានឡើយ ព្រោះតែដំំណើរការនានាត្រូវបានរារាំង ដោយសារទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយក្រោយមកនៅខែមីនា វេណេស៊ុយបានប្រកាសថា ខ្លួនបានបង់ថវិកាជិតគ្រប់តាមចំនួន ១២០លានដុល្លារអាមេរិក ដែលបានតម្រូវឲ្យបង់នោះឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី ឌែលស៊ី រ៉ូទ្រីហ្គែស (Delcy Rodriguez) បានលើកឡើងថា ប្រទេសអាមេរិកឡាទីនមួយនេះ មិនអាចបង់ប្រាក់ដែលនៅសល់ប្រមាណ ១០លានដុល្លារទៀតបានឡើយ ពីព្រោះមធ្យោបាយបង់ប្រាក់ទាំង ៤ ត្រូវបានរាំងខ្ទប់ ដោយសារតែទណ្ឌកម្មពីសហរដ្ឋអាមេរិក។

លោកស្រី ឌែលស៊ី រ៉ូទ្រីហ្គែស បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រព័ន្ធហិរញ្ញវត្ថុរបស់យើងត្រូវបានបិទខ្ទប់ នៅពីក្រោយទណ្ឌកម្មអាមេរិក… វាកំពុងរារាំងផ្នែកហិរញ្ញវត្ថុ ដែលអាចត្រូវបានប្រើប្រាស់ ដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាជនវេណេស៊ុយអេឡា»។ ប្រទេសវេណេស៊ុយអេឡា ដែលមានប្រជាជនសរុប ២៨លាននាក់ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២១នេះ ទើបតែបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុបជាង ៣លានដូសប៉ុណ្ណោះជូនប្រជាជន ដោយក្នុងនោះភាគច្រើនជាវ៉ាក់សាំងមកពីរុស្ស៊ី និងចិន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: