Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យព្រះអង្គឌួង ទទួលម៉ាស៊ីនព្យាបាលជំងឺបាតភ្នែក សម្រាប់ទារកកើតមិនគ្រប់ខែ ពីអង្គការ Sight For All តម្លៃ ដែលមានទំហំទឹកប្រាក់ ៦ម៉ឺនដុល្លារ

    BY Khmerpress November 18, 2023
    មន្ទីរពេទ្យព្រះអង្គឌួង ទទួលម៉ាស៊ីនព្យាបាលជំងឺបាតភ្នែក សម្រាប់ទារកកើតមិនគ្រប់ខែ ពីអង្គការ Sight For All តម្លៃ ដែលមានទំហំទឹកប្រាក់ ៦ម៉ឺនដុល្លារ

    (ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មន្ទីរពេទ្យព្រះអង្គឌួង បានទទូលម៉ាស៊ីនឡាសែព្យាបាលជំងឺបាតភ្នែក (Laser indirect ophthalmoscope) «Vitra 2 laser 532nm , LIO Keeler» ពីអង្គការ Sight For All ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ទំហំជាទឹកប្រាក់ ៦ម៉ឺនដុល្លារ។

    ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងក្រោមអធិបតីភាព នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ដ្រាចារ្យ លូ លីឃាង​ និងលោក សិត សំអាត មន្ត្រីប្រចាំប្រទេសរបស់អង្គការ Sight For All កម្ពុជា-ឡាវ។

    លោកនាយកមន្ទីរពេទ្យព្រះអង្គឌួង បានសម្ដែងការថ្លែងអំណរគុណដល់អង្គការ Sight For All ដែលបានផ្ដល់អំណោយជាសម្ភារៈបរិក្ខារពេទ្យជាបន្ដបន្ទាប់ សរុបជិត ២០ម៉ឹនដុល្លារ ក្នុងឆ្នាំ២០២៣នេះ។

    លោកនាយកមន្ទីរពេទ្យព្រះអង្គឌួងបានថ្លែងបន្ដថា «សម្រាប់ម៉ាស៊ីនដ៏ទើបនៅថ្ងៃនេះ គិតជាទឹកប្រាក់មានតម្លៃ ៦ម៉ឺនដុល្លារ សម្រាប់ព្យាបាលជំងឺបាតភ្នែកដល់ទារកកើតមិនគ្រប់ខែ រួមទាំងសរសៃបាតភ្នែកផងដែរ»។

    ទន្ទឹមនឹងនោះ លោកនាយកមន្ទីរពេទ្យព្រះអង្គឌួងបានគូសបញ្ជាក់ថា ឧបករណ៍បរិក្ខារពេទ្យដ៏ទំនើបមួយនេះ នឹងបានចូលរួមចំណែកមួយដ៏ធំមួយទៀត ជួយពិនិត្យព្យាបាលជំងឺបាតភ្នែក សរសៃបាតភ្នែកដល់ទារកទើបកើត និងកុមារ បានឱ្យសុខភាពល្អប្រសើរឡើង។

    លើសពីនោះលោកសាស្ដ្រាចារ្យ លូ លីឃាង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានបញ្ហាភ្នែក សូមអញ្ជើញមកមន្ទីរពេទ្យព្រះអង្គឌួងបាន ដែលមានទទួលពិនិត្យព្យាបាលជំងឺភ្នែកគ្រប់ប្រភេទ និងគ្រប់វ័យ ពិសេសទារកទើបកើតមានបញ្ហាភ្នែក៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: