Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Apple នឹងពន្យាពេលចេញបន្ទះឈីប 5G រហូតដល់ឆ្នាំ២០២៦

BY Khmerpress November 18, 2023
Apple នឹងពន្យាពេលចេញបន្ទះឈីប 5G រហូតដល់ឆ្នាំ២០២៦

(បរទេស)៖ របាយការណ៍ពី Bloomberg បានឱ្យដឹងថា ផែនការផលិតបន្ទះឈីប 5G ដំបូងបង្អស់របស់ក្រុមហ៊ុន Apple នឹងត្រូវពន្យាពេលប្រកាសចេញ ១ឆ្នាំបន្ថែមទៀត ដោយសារគម្រោងនេះមានបញ្ហាច្រើនពេក។ ពោលគឺ អាចនឹងបង្ហាញខ្លួនរហូតដល់ចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ ឯណោះ ដែលជំនួសឱ្យគោលដៅដំបូងនៅដើមឆ្នាំ២០២៥ របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ចំពោះមូលហេតុនៃការពន្យាពេលនេះមិនត្រូវបានប្រភពបញ្ជាក់លម្អិតនោះទេ ប៉ុន្តែត្រូវបានគេរំពឹងថា ទំនងមកពីភាពស្មុគ្រស្មាញដែលពាក់ព័ន្ធនឹងការផលិតបន្ទះឈីបដែលមានប្រសិទ្ធភាពខ្ពស់ដែលអាចភា្ជប់ទៅនឹងបណ្តាញ Networks ទូទាំងពិភពលោក។

យ៉ាងណាមិញដើម្បីដោះស្រាយការយឺតយ៉ាវនេះ ក្រុមហ៊ុន Apple បានបន្តកិច្ចសន្យារបស់ខ្លួនជាមួយក្រុមហ៊ុន Qualcomm ក្នុងរយៈពេល ៣ឆ្នាំបន្ថែមទៀត ខណៈការផ្គត់ផ្គង់នឹងមានដល់ឆ្នាំ២០២៦ ដោយធានាថា iPhone របស់ខ្លួនបន្តមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា 5G ដដែលរហូតដល់បញ្ហាត្រូវបានដោះស្រាយ។

គួរជម្រាបដែរថា បច្ចុប្បន្ននេះមានតែក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះដែលផលិតបន្ទះឈីប 5G ទទួលបានជោគជ័យក្នុងនោះរួមមាន Qualcomm, Samsung, Huawei, Media Tek និង Intel ទាំងនេះក៏ដោយសារតែការផលិតមានលក្ខណៈស្មុគ្រស្មាញពេក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: