ព័ត៌មានជាតិ November 19, 2023

សាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ច ខេត្តកំពង់ចាម ផ្តល់ឱកាសដល់និស្សិតបានហ្វឹកហ្វឺនផ្លូវចិត្ត ដើម្បីពង្រឹងសុខភាពផ្លូវចិត្ត

Nisaiy KP

(កំពង់ចាម)៖ នៅក្នុងការបើកវគ្គផ្សព្វផ្សាយស្ដីពីការធ្វើសមាធិ នៅរសៀលថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០២៣ លោក មួន វាសនា ទីប្រឹក្សា ឯកឧត្តម វង សូត និងជា គណៈគ្រប់គ្រង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម បានណែនាំដល់និស្សិត ឱ្យចេះវឹកវឿនផ្លូវចិត្ត ដើម្បីបង្កើនសុខភាពផ្លូវចិត្ត និងផ្លូវកាយ នឹងអាចមានបញ្ញាញៀនខ្លាំងក្លាក្នុងការសិក្សាសម្រេចគោលដៅរបស់ខ្លួន ។


លោក មួន វាសនា បាទមានប្រសាសន៍ថា សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម បានសហការជាមួយសាកលវិទ្យាល័យមហាឬស្សី នៃប្រទេសអូស្ត្រាលី ដើម្បីបង្កើត មជ្ឈមណ្ឌលនិវានិវត្តន៍ (បង្កើតអ្វីដែលថ្មី) ដូច្នេះហើយទើបពេលនេះ គឺសាលាចាប់ផ្ដើមផ្សព្វផ្សាយ ដោយការធ្វើសមាធិ ដើម្បីពង្រឹងសុខភាព ផ្លូវកាយនិងផ្លូវចិត្ត បង្កើនបញ្ញាញាណរបស់ខ្លួន ឈានទៅសម្រេចការងារតាមបំណងរបស់ខ្លួនផងដែរ។

លោក មួន វាសនា បានមានប្រសាសន៍បន្តថា របៀបហ្វឹកហ្វឺនផ្លូវចិត្តនេះ គឺកើតមានអស់រយៈពេលជាយូរលង់ណាស់មកហើយ ប៉ុន្តែគ្រាន់តែអ្នកខ្លះដឹង និងអ្នកខ្លះមិនដឹងអំពីអាថ៌កំបាំងនេះ ហើយទុកចោលមិនបានយកមកប្រើប្រាស់ ឬក៏អ្នកខ្លះគេយកវិធីនេះទៅអនុវត្តតាមបែបសាសនាផ្សេងៗ ។

លោក មួន វាសនា បានបញ្ជាក់ថា វិធីហ្វឹកហ្វឺនផ្លូវចិត្តសម្រាប់បច្ចុប្បន្ននេះ គឺមិនមានអាថ៌កំបាំងអ្វីទៀតទេ ពោលគឺអ្នកប្រាជ្ញបានរកឃើញ និងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ យកទៅអនុវត្តទៅតាមសាកលវិទ្យាល័យនានា ឬទីកន្លែងផ្សេងៗជាច្រើនទៀត ដើម្បីជាប្រយោជន៍ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ។

ទន្ទឹមនឹងនេះ សាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តកំពង់ចាម ក៏បានបើកវគ្គផ្សព្វផ្សាយ និងបានអញ្ជើញគ្រូបច្ចេកទេស មកពីបរទេស ដើម្បីបង្ហាត់វិធីហ្វឹកហ្វឺនផ្លូវចិត្ត ដល់និស្សិតទាំងឡាយដែលចេះចាប់យកឱកាស ដ៏វិសេសវិសាលនេះ ដើម្បីធ្វើឲ្យមានការសម្រាកដល់ជ្រាលជ្រៅនៃផ្លូវចិត្ត និងផ្ដល់សុខភាពដល់ផ្លូវកាយ ពោលគឺធ្វើឲ្យចិត្តមានសណ្ដាប់ធ្នាប់ មានការគិតរហ័សច្បាស់លាស់ វាយតម្លៃបានត្រឹមត្រូវ និងធ្វើសកម្មភាពមានអត្ថប្រយោជន៍ខ្ពស់ ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews