ថៃបញ្ជាទិញវ៉ាក់សាំងអាមេរិក Pfizer ២០លានដូស និងគ្រោងបញ្ជាទិញ Johnson & Johnson ៥លានដូស

(បាងកក)៖ ក្រោយការចរចាអស់មួយរយៈ នៅទីបំផុតប្រទេសថៃបានសម្រេច ចុះហត្ថលេខាដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការ COVID-19 ពីក្រុមហ៊ុនអាមេរិក Pfizer ជាផ្លូវការហើយ ដោយវ៉ាក់សាំងសរុបចំនួន ២០លានដូស នឹងមកដល់នៅក្នុងឆ្នាំនេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នារសៀលថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។

សម្រាប់ពេលវេលាជាក់លាក់ និងការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer នឹងត្រូវរង់ចាំការសម្រេចពី រដ្ឋបាលឱសថ និងចំណីអាហារ (FDA) របស់ថៃនៅថ្ងៃខាងមុខ។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថៃ ប្រទេសអាស៊ានមួយនេះ ក៏គ្រោងបញ្ជាទិញវ៉ាក់សាំង Johnson & Johnson ដែលជាប្រភេទ «ចាក់តែ១ដូស» ចំនួន ៥លានដូសផងដែរ នៅក្នុងឆ្នាំ២០២១ នេះដូចគ្នា។

គួរបញ្ជាក់ថា ប្រទេសថៃកំពុងបង្កើនល្បឿន នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅទូទាំងប្រទេស ជាពិសេសតំបន់ប្រជុំជន និងទេសចរណ៍ ដើម្បីធ្វើឲ្យគោលដៅបើកដំណើរការវិស័យទេសចរណ៍ឡើងវិញ កាន់តែប្រកបដោយទំនុកចិត្ត។ សម្រាប់វ៉ាក់សាំងដែលថៃកំពុងប្រើប្រាស់បច្ចុប្បន្ន គឺ Sinovac របស់ចិន និង AstraZeneca របស់អង់គ្លេស។

គិតត្រឹមដើមសប្តាហ៍នេះ ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់ បានចាក់វ៉ាក់សាំងបង្ការ COVID-19 ចំនួន ៥.១១លានដូសហើយជូនប្រជាជន ក្នុងនោះ ៣.៦៧លាននាក់បានចាក់យ៉ាងហោចណាស់ ១ដូស (៥.៣% នៃចំនួនប្រជាជនសសរុប) និង ១.៤៣លាននាក់ បានចាក់គ្រប់ដូស (២% នៃប្រជាជនសរុប)៕ ផ្តល់សិទ្ធិដោយ៖ freshnews