Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកលក់ចង់បានថ្លៃ អ្នកទិញចង់បានថោក ផ្អែកលើចំណុចនេះរដ្ឋបានគិតគូរជាប់ប្រចាំ ដើម្បីរក្សាតម្លៃមួយអាចទទួលបានទាំងអស់គ្នា

    BY Khmerpress November 20, 2023
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកលក់ចង់បានថ្លៃ អ្នកទិញចង់បានថោក ផ្អែកលើចំណុចនេះរដ្ឋបានគិតគូរជាប់ប្រចាំ ដើម្បីរក្សាតម្លៃមួយអាចទទួលបានទាំងអស់គ្នា

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អ្នកលក់ចង់បានថ្លៃ អ្នកទិញចង់បានថោក ដោយផ្អែកលើចំណុចនេះរាជរដ្ឋាភិបាល តែងតែគិតគូរអំពីតុល្យភាពរវាងអ្នកប្រើប្រាស់ និងអ្នកផលិតផលកម្មសិកម្ម ដើម្បីរក្សាតម្លៃមួយអាចទទួលបានទាំងអស់គ្នា។

    ការលើកឡើងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទីផ្សារកសិកម្ម វាមិនខុសពីទីផ្សារផលិតផលផ្សេងនោះទេ តែវាជាការប្រកួតប្រជែងច្រើន បច្ចេសកសិកម្មត្រូវតែធ្វើទំនើបកម្មជាប្រចាំដើម្បីបង្កើនប្រសិទ្ធភាព កាត់បន្ថយតម្លៃ និងការប្រកួតប្រជែង។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅពេលដែលយើងនិយាយពីកសិកម្ម គឺយើងតែងតែគិតអំពីតុល្យភាពចំពោះរដ្ឋាភិបាល រវាងអ្នកប្រើប្រាស់ និងអ្នកផលិត បើអ្នកផលិតតម្លៃខ្ពស់ល្អហើយ ប៉ុន្តែនៅពេលដែលលក់ចេញមកអ្នកប្រើប្រាស់ថ្លៃក៏មិនកើត វាធ្វើឱ្យមានអតិផរណា អញ្ចឹងការកាត់គម្លាតយ៉ាងណា ផលទីមួយ ចូលដល់កសិកររបស់យើងបានច្រើន ផលទី២ រក្សាលំនឹងតម្លៃនៅក្នុងទីផ្សារសម្រាប់ផលិតផល […] ប្រជាកសិករគាត់ចង់បានតម្លៃស្រូវខ្ពស់ តែអ្នកហូបគាត់ចង់បានតម្លៃអង្ករ កុំថ្លៃពេក អញ្ចឹងតុល្យភាពរូបមន្តនេះជាអ្វីដែលរាជរដ្ឋាភិបាល ក្នុងការគិតគូរធ្វើយ៉ាងណាធានា»

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជា មានទាំងផលិតផលទាំងក្នុងស្រុក និងក្រៅស្រុក ដែលត្រូវធ្វើតុល្យភាពលើតម្លៃ ។ បន្ថែមពីនេះ មានសំណើរជាច្រើនបានលើកឡើងថា ហេតុអីបានរាជរដ្ឋាភិបាល មិនការពារវិស័យនៅខាងក្នុងស្រុក ចំណុចនេះគឺត្រូវធានាពីការប្រកួតប្រជែង ដើម្បីធានផលិតផលនៅក្នុងស្រុកប្រគល់ឱ្យអ្នកទិញហូបចុក ដែលមិនមែនជាអ្នកផលិតទទួលបាននូវគុណភាពល្អ និងតម្លៃ ប្រសិនបើមិនអាចធានាគុណភាព និងតម្លៃបាននោះទេនោះផលិតផលក្នុងស្រុកនឹងពិបាកប្រកួតប្រជែងជាមួយផលិតផលនាំចូល។

    សម្តេចធិបធី ហ៊ុន ម៉ាណែត បានបន្តថា អតិផរណានៃតម្លៃផលិតផល គឺជាអ្វីដែលរាជរដ្ឋាភិបាល ត្រូវតែខិតខំប្រឹងប្រែងតាមដាន ជាប់ជាប្រចាំ។ ចំពោះតម្លៃផលិតផលនេះ គឺរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តែងតែធ្វើរបាយការណ៍ប្រចាំថ្ងៃជូនរាជរដ្ឋាភិបាលជាប្រចាំផងដែរ ដើម្បីងាយស្រួលក្នុងការដោះស្រាយបញ្ហាអតិផរណាលើទំនិញផ្សេងជាដើម។

    សម្តេចធិបតី ហ៊ុន ម៉ាណែត វាមិនសំខាន់រឿងតម្លៃលក់ផលិតផលកសិកម្ម បានថ្លៃនោះទេ តែសំខាន់ថាតើកសិករសល់លុយប៉ុន្មាន, រដ្ឋបានគិតគូរជាប់ប្រចាំ ដើម្បីរក្សាតម្លៃមួយអាចទទួលបានទាំងអស់គ្នា។ សម្តេចធិបតី ក៏បានអបអរសាទរប្រជាកសិករ ដោយសារតែទីផ្សារស្រូវមានតម្លៃល្អ បើប្រៀបធៀបពីឆ្នាំទៅ ដោយមានតម្លៃចាប់ពី ១,០០០រៀល ទៅ ១,៣០០រៀល ខណៈដែលកាលពីមុនមានតម្លៃចន្លោះ៨០០រៀល ទៅ១០០០រៀល ក្នុងមួយគីឡូក្រាម។ បន្ថែមពីនេះតម្លៃវត្ថុធាតុដើមមួយចំនួនដូចជា ជីកសិកម្ម ថ្នាំកសិកម្មមួយចំនួន ដូច្នេះធ្វើឱ្យកសិកររបស់យើងអាចរកចំណូលបាន។

    សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅពេលដែលតម្លៃលក់បានកាន់តែច្រើនចំណូលកាន់តែច្រើនហើយតម្លៃទាបក្នុងការផលិតរួមជាមួយនឹងការខិតខំការកាត់បន្ថយថ្លៃដឹកជញ្ជូននោះនឹងអាចធ្វើឱ្យផលិតផលកសិកម្មរបស់យើងកាន់តែប្រកួតប្រជែង ហើយថែមទាំងនោះនឹងធ្វើឱ្យផលបានទាំងទៅលើកសិករ។

    ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាចែកផលលាភទៅដល់ដៃប្រជាពលរដ្ឋ នៅក្នុងវិស័យកសិករ ដើម្បីបញ្ជូនទៅដល់ដៃកសិករតែម្តង ដែលចំណុចនេះជាអ្វីដែលរាជរដ្ឋាភិបាល រួមជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលចូលរួមជាចលករក្នុងការពង្រឹងលើការងារកសិកម្មនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: