គណៈសង្ឃនាយក បំភ្លឺករណី «វត្តពោធិលង្កា» នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ក្រោយបង្កជាក្រុមបក្សពួក ដែលប៉ះពាល់សេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ
ខេត្តសៀមរាប៖ នៅថ្ងៃពុធ ១០កេីត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ លេខាធិការដ្ឋានគណៈសង្ឃនាយក បានចេញសេចក្តីបំភ្លឺ ស្តីពីករណី «វត្តពោធិលង្កា» នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
គណៈសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធម្មការនិងសាសនា សូម ទូលប្រគេនជម្រាបជូនដំណឹង ដល់ព្រះសង្ឃគ្រប់ព្រះអង្គនិងសាធារណជនឱ្យបានជ្រាបថា ករណីវត្តពោធិលង្កា ដែលគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីសម្រេចលេខ ១០៧/២៣ ស.ន.ក.ជ.ចុះថ្ងៃទី២៧ ខែកញ្ញា២០២៣ ស្តីពីការបញ្ចប់មុខដំណែងគណៈសង្ឃវត្តពោធិលង្កា(ពោធិ៍លើ) សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងសេចក្តីជូនដំណឹងរបស់សាលាគណខេត្តសៀមរាបលេខ០៨០/២៣ ស.ជ.ណ. ចុះថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ស្តីពីការអនុវត្ត សេចក្តីសម្រេចរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាខាងលើ។
ក្នុងន័យនេះ គណៈសង្ឃនាយក និងក្រសួងធម្មការនិងសាសនា សូមបញ្ជាក់ជូនសាធារណមតិ និងអ្នកប្រើ ប្រាស់បណ្តាញសង្គម ក៏ដូចជាក្រុមអ្នកសារព័ត៌មានឱ្យបានជ្រាបថា កន្លងមកការដឹកនាំ គ្រប់គ្រងគណៈសង្ឃក្នុង វត្តពោធិលង្កានេះ មិនមានសាមគ្គីភាព បង្កជាក្រុមបក្សពួក អនាធិបតេយ្យ មិនគោរពធម៌វិន័យបាត់បង់សណ្តាប់ធ្នាប់ និងអភិសមាចារធ្វើឱ្យប៉ះពាល់ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ទោះបី មាន ការអប់រំទូន្មានច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ នៅតែប្រព្រឹត្តមិនបានត្រឹមត្រូវតាមវត្តប្រណិប័តន៍ ថែម ទាំងបង្កជាជម្លោះ និងបង្កើតនូវទោសបញ្ញត្តិធ្ងន់ធ្ងរក្នុងផ្លូវវិន័យព្រះពុទ្ធសាសនាថែមទៀតផង។
ដើម្បីពង្រឹងការគ្រប់គ្រង និងការប្រតិបត្តិធម៌វិន័យឱ្យបានល្អប្រសើរ និងបំពេញសទ្ធាជ្រះថ្លា សមជាស្រែ បុណ្យដ៏ប្រពៃរបស់ពុទ្ធបរិស័ទ ចាំបាច់ត្រូវរៀបចំរដ្ឋបាលគ្រប់គ្រងវត្តឡើងវិញ ស្របតាមពុទ្ធានុញ្ញាតនិងពុទ្ធប្បញ្ញត្តិ ធ្វើយ៉ាងណាឱ្យវត្តនេះក្លាយទៅជាបូជនីយដ្ឋាន គួរជាទីគោរពបូជា ទើបតម្រូវឱ្យមានការនិមន្ត និងអញ្ជើញ ព្រះសង្ឃ អាចារ្យ និងដូនជីទៅស្នាក់អាស្រ័យនៅតាមបណ្តាវត្តផ្សេងៗជាបណ្តោះអាសន្ន ក្រោយពីបញ្ចប់សង្ឃកម្មនិងកិច្ច ការរដ្ឋបាលរួចរាល់ ទើបអនុញ្ញាតឱ្យចូលមកស្នាក់អាស្រ័យនៅជាប្រក្រតីឡើងវិញ ។
ដូច្នេះសូមសាធារណមតិទាំងក្នុងនិងក្រៅប្រទេស កុំមានការយល់ច្រឡំ ឬក៏បំភ្លៃខុសពីការពិតខាងលើ។ មិនតែប៉ុណ្ណោះសូមចូលរួមផ្សព្វផ្សាយសេចក្តីសម្រេច របស់គណៈសង្ឃឱ្យបានជ្រួតជ្រាបនិងទូលំទូលាយ ដើម្បី ជៀសវាងការយល់ច្រឡំនិងទប់ស្កាត់អគតិជនមួយចំនួនយកបញ្ហានេះសម្រាប់កេងចំណេញផលប្រយោជន៍ផ្ទាល់ ខ្លួន ឬបម្រើផលប្រយោជន៍ខាងផ្នែកនយោបាយ៕ ប្រភព៖ លេខាធិការដ្ឋានគណៈសង្ឃនាយក



