ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ជំរុញឲ្យយកចិត្តទុកដាក់អ្នកបើកបរម៉ូតូ និងដាក់ទណ្ឌកម្មឲ្យបានធ្ងន់លើអ្នកស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍

BY
Khmerpress
November 30, 2023
ឧបនាយករដ្ឋមន្ដ្រី ស សុខា ជំរុញឲ្យយកចិត្តទុកដាក់អ្នកបើកបរម៉ូតូ និងដាក់ទណ្ឌកម្មឲ្យបានធ្ងន់លើអ្នកស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានដាក់ចេញការណែនាំឲ្យបង្កើនការដាក់ ពិន័យឲ្យធ្ងន់ធ្ងរបន្ថែមទៀត ចំពោះអ្នកស្រវឹងបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស។

ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានជំរុញឲ្យយកចិត្តទុកដាក់អ្នកបើកបរម៉ូតូទាំងការប្រើប្រាស់ផ្លូវជាតិ និងផ្លូវលំ សំដៅធ្វើយ៉ាងណាចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងរួមទាំងវិធានការណែនាំ និងការរឹតបន្ដឹងការអនុវត្តច្បាប់។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានមើលឃើញថា អត្រានៃការគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនលើអ្នកប្រើប្រាស់ម៉ូតូនៅពេលយប់ ហើយសុទ្ធតែប្រើប្រាស់នូវគ្រឿងស្រវឹងនៅពេលបើកបរ ដូច្នេះត្រូវតែដាក់ពិន័យឲ្យបានធ្ងន់ដល់អ្នកប្រើប្រាស់គ្រឿងស្រវឹង ហើយបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យអ្នកដទៃស្លាប់ និងរបួស។ ខណៈលោកកត់សម្គាល់ថា បច្ចុប្បន្ននេះការប្រើប្រាស់គ្រឿងស្រវឹងកាន់តែទូលំទូលាយ។

លោកអភិសន្ដិបណ្ឌិត ស សុខា ថ្លែងយ៉ាងដូច្នេះថា «៥៤ភាគរយ នៃចំនួនអ្នកដែលមានគ្រោះថ្នាក់បង្កឲ្យស្លាប់នេះ ភាគច្រើនពេលយប់ […] ភាគច្រើនសុទ្ធតែគ្រឿងស្រវឹងទាំងអស់ បង្កឲ្យបាត់បង់ជីវិតអ្នកដទៃ ឬអ្នកជិះជាមួយខ្លួន អញ្ចឹងហើយនេះជាបញ្ហាប្រឈម ដោយសារតែឥលូវយើងឃើញថា បញ្ហាក្រេមគ្រឿងស្រវឹងនេះ មានភាពទូលំទូលាយ។ ដូច្នេះខ្ញុំសូមស្នើឲ្យ គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រសួងមហាផ្ទៃ មេត្តាពិនិត្យក្នុងការដាក់ពិន័យឲ្យធ្ងន់បន្ដិចអ្នកដែលប្រើប្រាស់គ្រឿងស្រវឹង ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ»

សូមជម្រាបថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើកបរម៉ូតូ មានចំនួន៤៩២គ្រឿង ដែលជាចំនួនមួយគួរឲ្យកត់សម្គាល់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: