ព័ត៌មានជាតិ

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបទីតាំងវេចខ្ចប់ស្លាចិនក្លែងក្លាយម៉ាក KOUWEIWANG និងនាំខ្លួនជាជនជាតិចិន២រូបជា ម្ចាស់ទីតាំងមកសាកសួរនាំ

BY
Khmerpress
November 30, 2023
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបទីតាំងវេចខ្ចប់ស្លាចិនក្លែងក្លាយម៉ាក KOUWEIWANG និងនាំខ្លួនជាជនជាតិចិន២រូបជា ម្ចាស់ទីតាំងមកសាកសួរនាំ

(ភ្នំពេញ)៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌកំបូល ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះបង្ក្រាបទីតាំងមួយកន្លែង ស្ថិតនៅបុរីខេភី ម៉នដានី ផ្ទះលេខ១២ ផ្លូវលេខ៣ ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ពាក់ព័ន្ធករណីវេចខ្ចប់ផលិតផលផ្លែស្លាកញ្ចប់ក្លែងក្លាយ ម៉ាក KOUWEIWANG។

ក្រោយពីសមត្ថកិច្ចធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែងបានរកឃើញនូវឧបករណ៍សម្ភារបម្រើឱ្យការងារវេចខ្ចប់ និងផលិតចំនួន ៨៩.៥គីឡូក្រាម, ម៉ាស៊ីនវេចខ្ចប់ចំនួន ០២គ្រឿង និងកុំព្យូទ័រយួរដៃចំនួន ០១គ្រឿង។

បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកស្រីព្រះរាជអាជ្ញារង បានសម្រេចឱ្យសមត្ថកិច្ចដកហូតសម្ភារទាំងអស់ ដោយយកទៅរក្សាទុកនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចជាបណ្តោះអាសន្ន ដើម្បីត្រួតពិនិត្យស្រាវជ្រាវបន្ត រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច ហើយបាននាំខ្លួនម្ចាស់ទីតាំង ០២រូប ជាជនជាតិចិន មកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធី និងបញ្ជូនទៅតុលាការ ដើម្បីវិនិច្ឆ័យទោសតាមផ្លូវច្បាប់។

ជាមួយគ្នានេះ សមត្ថកិច្ចសូមអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាជួយសហការក្នុងការផ្តល់ព័ត៌មាន ប្រសិនបានដឹងពីការផលិត កែច្នៃ ឬលក់ចែកចាយ នូវផលិតផលសង្ស័យថាខុសច្បាប់ មកដល់សមត្ថកិច្ចតាមរយៈលេខទូរស័ព្ទ 012 456966 ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងឈានដល់ការបង្ក្រាបឱ្យបានទាន់ពេលវេលា ជៀសវៀងការប៉ះពាល់ផលប្រយោជន៍អ្នកប្រើប្រាស់ ជាពិសេសសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: