Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាលកំណត់ទិសដៅ២ឆ្នាំ ប្រែក្លាយគ្រឹះស្ថានសិក្សារដ្ឋពី ៥០០ ទៅ ១,០០០ ទៅជាសាលារៀនគំរូ

    BY Khmerpress December 1, 2023
    រាជរដ្ឋាភិបាលកំណត់ទិសដៅ២ឆ្នាំ ប្រែក្លាយគ្រឹះស្ថានសិក្សារដ្ឋពី ៥០០ ទៅ ១,០០០ ទៅជាសាលារៀនគំរូ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានកំណត់ទិសដៅប្រែក្លាយគ្រឹះស្ថានសិក្សារដ្ឋពី ៥០០ ទៅ១,០០០សាលា ឱ្យក្លាយទៅជាសាលារៀនគំរូ។ របាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ សម្តេច ធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញវិធានការគន្លឹះចំនួន៤ ដើម្បីពង្រឹងគុណ​ភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា។

    វិធានការគន្លឹះនោះរួមមាន៖ ទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២៖ ការពិនិត្យ កែសម្រួល និងរៀប​ចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថ​របស់​សិស្ស, ទី៣៖ ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស និងទី៤៖ ភាពជាដៃគូរដ្ឋ និងសហគមន៍​ដើម្បីលើកកម្ពស់ការអប់រំ។

    ក្រសួងអប់រំ យុវជន និងកីឡា ក៏ពិនិត្យឡើងវិញលើស្តង់ដាសាលារៀនដែលដាក់ចេញកន្លងមក ដោយ​បាន​បញ្ជ្រាបវិធានការគន្លឹះទាំង៤ទៅក្នុង «ស្តង់ដាសាលារៀនគំរូ» ចំនួន៥ សម្រាប់មត្តេយ្យសិក្សា​ដល់​មធ្យមសិក្សា ដែលផ្ដោតលើលទ្ធផលសិក្សារបស់សិស្ស ការបង្រៀន និងរៀនការចូលរួមរបស់សហគមន៍ ដំណើរការប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និងគណនេយ្យភាពរបស់សាលារៀន។

    រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ដោយមាននាយករដ្ឋមន្ត្រី ជា​ប្រធាន អមដោយសមាភាពឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីចំនួន ១៦រូប និងអភិបាល នៃគណៈ​អភិបាលរាជធានី ខេត្ត ជាសមាជិកផងដែរ។

    សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ក្នុងការអនុវត្ត «ស្តង់ដា​សាលា​រៀន​គំរូ» និង «ពានរង្វាន់សាលាគំរូសម្តេចមហាបវរធិបតី» ព្រមទាំង «យុទ្ធនាការសាលារៀនស្អាត​គ្មាន​សំរាម» នៅទូទាំងប្រទេសចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ ក្នុងនោះ ស្តង់ដាសាលារៀនគំរូ នឹងចាប់ ផ្ដើមអនុវត្ត និងពង្រឹងចាប់ពីឆ្នាំសិក្សាថ្មីនេះតទៅ។

    អ្វីទៅជាសាលារៀនគំរូ? សាលារៀនគំរូ គឺសាលារៀនដែលមានដំណើរការពេញលេញ រួមមាន៖

    ទី១៖ សាលារៀន មានគណនេយ្យភាពជាមួយសហគម​ន៍ និងធ្វើការកែលម្អសាលារៀនស្របតាម​ស្ដង់ដា​សាលា​​​រៀនគំរូ ដោយមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសមាតាបិតា ឬអាណាព្យាបាល តាមរយៈ​ការបង្កើត និងដំណើរការគណៈកម្មការគ្រប់គ្រងសាលារៀន និងគណៈកម្មការ​គ្រប់គ្រងថ្នាក់រៀន។

    ទី២៖ សាលារៀនមានស្វ័យភាពក្នុងការងារផែនការកែលម្អសាលារៀន និងថ្នាក់រៀន ព្រមទាំងការ​ផ្ដល់ការ​អភិវឌ្ឍ​វិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រងសាលារៀននិងគ្រូបង្រៀន។

    ទី៣៖ សាលារៀនអនុវត្តតេស្តស្តង់ដាជាប្រចាំ និងប្រើប្រាស់លទ្ធផលនៃតេស្តស្តង់ដា ដើម្បីធ្វើការកែលម្អ​ការ​បង្រៀន និងរៀន ការជួយសិស្សរៀនយឺត និងផ្ដល់ព័ត៌មានដល់មាតាបិតា ឬអាណាព្យាបាល និងសហ​គមន៍​ឱ្យចូលរួមគាំទ្របន្ថែម។

    ទី៤៖ សាលារៀនមានស្វ័យភាពក្នុងការអនុវត្តកម្មវិធីសិក្សា និងការរៀបចំកម្មវិធីក្រៅម៉ោងសិក្សាដោយ​ផ្ដោត​លើកម្មវិធីអភិវឌ្ឍន៍យុវជន កម្មវិធីអប់រំច្បាប់ចរាចរណ៍ ការងារស្ម័គ្រចិត្ត ការងារសហគមន៍ និងការអប់​រំសីលធម៌។

    ទី៥៖ សាលារៀនយកចិត្តទុកដាក់លើការអប់រំសុខភាព អនាម័យ បរិស្ថានស្អាត សាលារៀនគ្មានសំរាម និង​គិតគូរដល់អាហារូបត្ថម្ភដល់សិស្សានុសិស្ស និងទី៦- ការជំរុញការចូលរួមរបស់មាតាបិតា ឬអាណា​ព្យា​បាល និងសហគមន៍ ក្នុងការគាំទ្រ និងការអភិវឌ្ឍសាលារៀន។ នៅក្នុងអំឡុងឆ្នាំសិក្សាថ្មី ២០២៣​-២០២៤ នេះ ក្រសួងនឹងជ្រើសរើសសាលារៀនសំណាក ដែលមានសក្ដានុពលចំនួន ៥០០សាលា ដើម្បីទទួលការជួយគាំទ្រ និងធ្វើការវាយតម្លៃ ដោយរំពឹងថាសម្រេចបានតាមស្តង់ដា សាលារៀនគំរូ ក្នុងរយៈពេល២ឆ្នាំ។

    ក្រសួងអប់រំ យុវជន និងកីឡា បានប្តេជ្ញាចិត្តអនុវត្តគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ឱ្យបានជោគ​ជ័យ​ប្រកបដោយផ្លែផ្កា ក្នុងរយៈពេល ២ឆ្នាំខាងមុខ ដោយត្រូវប្រែក្លាយគ្រឹះស្ថានយ៉ាងហោចណាស់ចំនួន ៥០០ ទៅ ១,០០០ក្លាយទៅជាសាលារៀនគំរូ ដោយចាប់ផ្តើមរៀបចំសាលារៀនគំរូ សម្រាប់ប្រកាស​ក្នុង​សន្និបាតអប់រំដែលគ្រោងប្រារព្ធឡើងនាខែមេសា ឆ្នាំ២០២៤ ខាងមុខ ឱ្យបានពី ៥០ ទៅ១០០សាលា។

    ក្នុងដំណើរការពិភាក្សា និងឆ្លង លើរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រសាសន៍ថា ការបង្កើតគណៈ​កម្មា​ធិការជាតិ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី គឺដើម្បីប្រមូលផ្តុំកម្លាំងបន្ថែមក្នុងការធ្វើសកម្មភាព​ឱ្យចំគោល​ដៅ។

    សម្តេចធិបតី បានណែនាំក្រសួងអប់រំ យុវជន និងកីឡា កំណត់អាទិភាព និងសកម្មភាពជាក់ស្តែងឱ្យបាន​ច្បាស់​លាស់ ដោយផ្តោតសំខាន់លើធនធានមនុស្ស កម្មវិធី សម្ភារដែលត្រូវបំពាក់ ផែនការសកម្មភាព និង​ពេលវេលាដែលត្រូវអនុវត្ត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: