Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មហិច្ឆតាក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ នឹងមិនជោគជ័យ បើគ្មានមូលធនមនុស្ស ដែលមានសុខភាពរឹងមាំ មានចំណេះដឹង និងចរិតល្អប្រសើរ

    BY Khmerpress December 2, 2023
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មហិច្ឆតាក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ នឹងមិនជោគជ័យ បើគ្មានមូលធនមនុស្ស ដែលមានសុខភាពរឹងមាំ មានចំណេះដឹង និងចរិតល្អប្រសើរ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា មហិច្ឆតាប្រែ​ក្លាយ​កម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ មិនអាចទទួលបានជោគជ័យនោះឡើយ ប្រសិន​បើគ្មានមូលធនមនុស្ស ដែលមានសុខភាពរឹងមាំ មានចំណេះដឹង និងចរិតល្អប្រសើរទេនោះ។

    ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើក​ឡើង​ថា ក្នុងដំណើរដ៏វែងឆ្ងាយលើការប្រែក្លាយកម្ពុជាពីប្រទេសវិនាសហិនហោចដោយសារសង្គ្រាម ទៅជា​ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ មនុស្ស គឺជាសមាសធាតុសង្គម និងសេដ្ឋកិច្ចដ៏សំខាន់​បំផុត​ដែល​មិន​អាចខ្វះបាន។ ក្នុងនោះ មូលធនមនុស្សដែលមានគុណភាពខ្ពស់ និង​សុខភាពល្អ គឺជា​ទ្រព្យសកម្ម​របស់​ជាតិ និងរឹងមាំ។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «បើគ្មានមូលធនមនុស្ស ដែលមានសុខភាពរឹងមាំ មាន​ចំណេះដឹង និងមាន​ចរិតល្អប្រសើរនោះទេ មហិច្ឆតាបានត្រឹមតែជាក្តីស្រមៃ ហើយមិនអាចក្លាយទៅជាការ​ពិត​នោះឡើយ»

    នៅក្នុងនីតិកាលចាស់ និងនីតិកាលថ្មី រាជរដ្ឋាភិបាលកម្ពុជា បានគំណត់គោលដៅប្រែក្លាយសេដ្ឋកិច្ច ទៅ​ជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ (ប្រជាពលរដ្ឋមានចំណូលមធ្យមប្រចាំឆ្នាំចន្លោះ ៤,០៣៦ដុល្លារ ដល់ ១២,៤៧៥ដុល្លារ) និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ (ប្រជាពល​រដ្ឋ​មាន​ចំណូលមធ្យមប្រចាំឆ្នាំចាប់ពី ១២,៤៧៦ដុល្លារឡើងទៅ)។

    រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យក​ឆ្នាំ​២០២៣នេះ ជាមូលដ្ឋាននៃដំណើររបស់ខ្លួនក្នុងការឈានឆ្ពោះទៅកាន់គោលដៅទាំងនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល បាន​កំណត់វិធានការគន្លឹះក្នុងវិស័យអប់រំ និងវិស័យ​សុខា​ភិបាល​​​ជាវិធាន​ការ​មុតស្រួច ជាក់លាក់ និងប្រាកដ​និយម ដើម្បីអនុវត្ត និងដោះស្រាយបញ្ហាប្រឈម ដែល​រាំងស្ទះកន្លងមក សម្តៅកសាងមូលធនមនុស្ស កម្ពុជាមួយដែលមានសុខភាពល្អ បរិបូរណ៍ មាន​ចំណេះ​ដឹង ជំនាញ​ល្អ​ប្រសើរ ហើយថែមទាំងមាន​ភាពជា​ពល​រដ្ឋប្រកបដោយសីលធម៌ សុជីវធម៌ គុណ​ធម៌ ដែលអាចជំរុញ​សម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០ បានដោយជោគជ័យ។

    វិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា និង​សុខា​ភិបាល កំពុងត្រូវបានអនុវត្តន៍ យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតដោយក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្រសួងសុខាភិបាល។ ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តន៍វិធានការគន្លឹះលើវិស័យទាំងពីរនេះ រាជរដ្ឋាភិបាលបានបង្កើត​គណៈកម្មាធិការជាតិ​ជំរុញការអនុវត្តវិធានការគន្លឹះទាំងពីរនេះ ដែលមានសម្តេចធិបតីនាយក​រដ្ឋ​មន្ត្រី ជា​ប្រធានផ្ទាល់តែម្តង។

    ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកមិញនេះ វឌ្ឍនភាពជាច្រើនលើការអនុវត្តន៍វិធានការគន្លឹះទាំងពីរនេះ ត្រូវបានលើកបង្ហាញដោយលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: