Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្នុងឆ្នាំ២០២៣នេះ ជនមានពិការភាពជាង ៧ពាន់នាក់ កំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងវិស័យឯកជននៅទូទាំងប្រទេសកម្ពុជា

    BY Khmerpress December 4, 2023
    ក្នុងឆ្នាំ២០២៣នេះ ជនមានពិការភាពជាង ៧ពាន់នាក់ កំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងវិស័យឯកជននៅទូទាំងប្រទេសកម្ពុជា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា នៅឆ្នាំ២០២៣នេះ ជនមានពិការភាពចូលបម្រើការងារ តាមស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេសសរុបជាង ៧ពាន់នាក់។

    ឯកឧត្តម ជា សុមេធី ថ្លែងឱ្យដឹងដូចនេះក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី ២៥ និងអន្តរជាតិលើកទី៤១ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសាលមហោស្រពកោះពេជ្រ។ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានឱ្យដឹងថា ជនមានពិការភាពចូលបម្រើការងារ ក្នុងក្រសួង-ស្ថាប័នរដ្ឋចំនួន៣៩ មានជនមានពិការភាពចូលបម្រើការងារចំនួន ៣ ៧៧៦នាក់ ក្នុងនោះស្រ្តីចំនួន ៨៦៩នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២,៣៥១នាក់ ស្មើ ២,០៥% ក្នុងឆ្នាំ២០២៣។

    ឯកឧត្តម ជា សុមេធី បានឱ្យដឹងបន្ថែមថា ដោយឡែក វិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រសរុបចំនួន២៤១ ជនមានពិការភាពបានចូលបម្រើការងារចំនួន ៣ ៧៥៩នាក់ ស្រ្តីចំនួន ៣ ៦៣១នាក់។

    ក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១នេះ ឯកឧត្តម ជា សុមេធី បានគូសបញ្ជាក់ថា ឆ្នាំ២០២៣នេះ បានប្រារព្ធឡើងក្រោមប្រធានបទ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌” ក្នុងគោលបំណងបង្កើនការយល់ដឹងអំពី ពិការភាពដើម្បីលើកស្ទួយការអនុវត្តកាតព្វកិច្ចនានាឈានទៅសម្រេចនូវការអនុវត្តអភិក្រម “ធ្វើឱ្យសិទ្ធិក្លាយជាការពិត” ដើម្បីផ្លាស់ប្តូរផ្នត់គំនិតការប្រើប្រាស់ពាក្យសំដី ប្រមាថមាក់ងាយ សើចចំអកឡកឡាយដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិនិងសេចក្តីថ្លៃថ្នូរ ហើយអាចបាត់បង់ឱកាស ចូលរួមយ៉ាងពេញលេញរបស់ជនមានពិការភាព។

    គួរឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកវិស័យពិការភាពជាការងារអាទិភាព ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការនិងលិខិតូបករណ៍អន្តរជាតិផ្សេងៗ បានកសាងនិងដាក់ឱ្យអនុវត្តច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាតិ ពង្រឹងការផ្តល់សេវាផ្សេងៗដូចដែលមានចែងក្នុងកម្មវិធីនយោបាយផែនការយុទ្ធសាស្ត្របញ្ចាកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងការធ្វើបរិយាបន្នជួយជនមានពិការភាពទៅក្នុងគ្រប់វិស័យ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: