សមត្ថកិច្ច ចុះឆែកឆេរឃ្លាំងស្តុកមួយកន្លែង នៅសង្កាត់ក្រាំងធ្នង់ រកឃើញសាច់បង្កកជិត ៤សែនគីឡូក្រាម នាំចូលពីបរទេសដោយគ្មានច្បាប់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឆែកឆេរឃ្លាំងស្តុក ១កន្លែង នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រកឃើញសាច់បង្កក នាំចូលពីបរទេសដោយគ្មានច្បាប់យ៉ាងច្រើនសម្បើម គឺជិត ៤ សែនគីឡូក្រាម។
ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមការងារបានរកឃើញសាច់បង្កក គ្មានឯកសារច្បាប់ ក្នុងនោះមាន គ្រឿងក្នុងមាន់ សាច់មាន់ សាច់ជ្រូក និងក្របី សរុប ២៤ ៤២៤ កេះ, ស្មើនឹង ៣៧០ ៧៨៧ គីឡូក្រាម ។ លោក ហ៊ុន សារ៉ាត់ បន្តថា សាច់សត្វបង្កកខាងលើទាំងអស់នេះត្រូវបាននាំចូលពីបរទេស មកស្តុកទុកនៅក្នុងឃ្លាំង ដោយពុំទាន់មានឯកសារបញ្ជាក់ច្បាស់លាស់ ហើយក្រុមការងារបានស្នើសុំព្រះរាជអាជ្ញា បិទឃ្លាំងបង្កកសាច់សត្វខាងនេះជាបណ្ដោះអាសន្ន ដោយតម្រូវឱ្យម្ចាស់ទីតាំងរកឯកសារពាក់ព័ន្ធទៅបំភ្លឺនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។
គួរជម្រាបជូនថា សាច់បង្កកខុសច្បាប់ បាននឹងកំពុងក្លាយជាភាពស្មុគស្មាញយ៉ាងខ្លាំងចំពោះអ្នកពាក់ព័ន្ធ ព្រោះវាត្រូវបានជនមិនសុច្ចរិតប៉ុន្មាននាក់លួចលាក់នាំចូលដោយគ្មានការត្រួតពិនិត្យ និងបានធ្វើឱ្យវិស័យចិញ្ចឹមសត្វក្នុងស្រុកដួលរលំជាបន្តបន្ទាប់ ហើយក៏ត្រូវបានគេគិត និងបារម្ភណ៍ដែរថា វាកំពុងគំរាមកំហែងយ៉ាងខ្លាំងចំពោះសុខភាពសាធារណៈ ពីព្រោះត្រូវបានគេជឿជាក់ថា សាច់បង្កកខុសច្បាប់ទាំងនោះគឺជាសាច់ខូចគុណភាព ហួសកាលបរិច្ឆេទបរិភោគ ឬជាសាច់សត្វមានជំងឺដែលត្រូវគេកម្ទេចចោល ហេតុនេះពួកគេនាំយកមកលក់ថោកៗជាងថ្លៃដើមផលិតយ៉ាងឆ្ងាយ។
មិនគួរមើលរំលងទេ ការចាប់សត្វរស់ សាច់សត្វ ស៊ុតសត្វ និងផលិតផលធ្វើពីសាច់សត្វ ត្រូវបានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយស្ថាប័នពាក់ព័ន្ធ បង្ក្រាបបានជាបន្តបន្ទាប់ ដូចជាកាលពីម្សិលម្ងៃ និងប៉ុន្មានថ្ងៃចុងក្រោយនេះជាដើម ហើយជាការកត់សម្គាល់ រាល់ប្រតិបត្តិការទាំងនោះ លោក ហ៊ុន សារ៉ាត់ មានវត្តមានដោយផ្ទាល់យ៉ាងសកម្ម ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក









