ព័ត៌មានអន្តរជាតិ December 7, 2023

លោក ស៉ី ជីនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសវៀតណាម នៅសប្តាហ៍ក្រោយ

Khmerpress

(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានប្រកាសឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ ប្រទេសជិតខាងគឺវៀតណាម នាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសចិន លោកស្រី Hua Chunying បានប្រាប់ដូច្នេះថា «ប្រធានាធិបតីលោក ស៉ី ជីនពីង ដែលជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នឹងធ្វើការបំពេញដំណើរទស្សនកិច្ច​លក្ខណៈផ្លូវរដ្ឋ ទៅកាន់ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ»។

គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៉ី ទៅកាន់វៀតណាម នឹងកើតមានឡើង បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បាន​ទៅបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅទីក្រុងហាណូយ កាលពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ។ តាមពិតទៅ ព័ត៌មានស្តីពីគម្រោងធ្វើទស្សនកិច្ច​របស់លោកប្រធានាធិបតីចិន ទៅកាន់ប្រទេសវៀតណាម គឺត្រូវបានរាយការណ៍ដំបូង ដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ តាំងតែពីខែតុលាម៉្លេះ ប៉ុន្តែមកដល់ពេលនេះ ទើបមានការបញ្ជាក់ជាផ្លូវពីសំណាក់រដ្ឋាភិបាលចិនផ្ទាល់៕ ផ្តល់សិទ្ធិដោយ៖ freshnews