លោក ឃឹម ហ្វីណង់ ៖ «បង្កងតាកែវ» ចិញ្ចឹមតាមបែបធម្មជាតិ តម្លៃត្រឹមតែពាក់ណ្តាល និងមានរសជាតិឆ្ងាញ់ប្រហាក់ប្រហែលនឹងបង្កងធម្មជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានបង្ហាញរូបភាព «បង្កងតាកែវ» ដែលចិញ្ចឹមតាមបែបធម្មជាតិ តម្លៃត្រឹមតែពាក់ណ្តាល និងមានរសជាតិឆ្ងាញ់ប្រហាក់ប្រហែលនឹងបង្កងធម្មជាតិដែរ។
តាមរយៈការបង្ហោះរបស់ លោក ឃឹម ហ្វីណង់ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « បង្កងតាកែវ ចិញ្ចឹមតាមបែបធម្មជាតិ តម្លៃត្រឹមតែពាក់ណ្តាល និងមានរសជាតិឆ្ងាញ់ប្រហាក់ប្រហែលនឹងបង្កងធម្មជាតិដែរ។ បងប្អូនម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងនៅទីនេះ ប្រមាណ២០គ្រួសារ ចាប់អារម្មណ៍ចង់ចងក្រងគ្នាធ្វើជាសហគមន៍។ »
លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា សហគមន៍កសិកម្មទំនើប ដែលមានកសិករជាសមាជិករួមគ្នាធ្វើផលិតកម្ម និងរួមគ្នាគ្រប់គ្រងតាមបែបសហគ្រាសសេដ្ឋកិច្ច ហើយដែលមានវិសាលភាពធំគ្រប់គ្រាន់ ដើម្បីទទួលបានផលចំណេញពីសេដ្ឋកិច្ចមាត្រដ្ឋាន នឹងជួយបង្កើនភាពប្រកួតប្រជែងនៃការចិញ្ចឹមបង្កងតាមបែបធម្មជាតិនៅទីនេះ ព្រមទាំងអាចប្រែក្លាយសហគមន៍នេះឱ្យទៅជាកសិដ្ឋានដ៏រឹងមាំមួយបាន។
លោក ឃឹម ហ្វីណង់ បន្ថែមទៀតថា៖ «សង្ឃឹមថាថ្ងៃណាមួយ យើងនឹងមានកសិដ្ឋានចិញ្ចឹមបង្កងធម្មជាតិដ៏ធំមួយនៅទីនេះ ជំរុញការធ្វើវារីវប្បកម្មប្រកបដោយនិរន្តភាព បង្កើនភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍ និងកាត់បន្ថយសម្ពាធពីការពឹងផ្អែកលើការនេសាទធនធានធម្មជាតិ» ៕ ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan







