Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា ឡើងឈរលើហ្វីលីពីនវិញ ក្រោយឈ្នះមេដាយ ១៦គ្រឿងបន្ថែម ក្នុងថ្ងៃទី៣ នៃជើងឯកចំបាប់អាស៊ីអាគ្នេយ៍

    BY Khmerpress December 9, 2023
    កម្ពុជា ឡើងឈរលើហ្វីលីពីនវិញ ក្រោយឈ្នះមេដាយ ១៦គ្រឿងបន្ថែម ក្នុងថ្ងៃទី៣ នៃជើងឯកចំបាប់អាស៊ីអាគ្នេយ៍

    (ភ្នំពេញ)៖ ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយ ១៦គ្រឿងប្ថែមទៀតហើយ នៅក្នុងថ្ងៃទី៣ នៃការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ កាលពីថ្ងៃទី០៨ ខែធ្នូម្សិលមិញ ពិសេសការដណ្ដើមបានមេដាយមាស ១គ្រឿង របស់ម្ចាស់មេដាយមាសស៊ីហ្គេម ស៊ូ បាលី ដែលនាំឲ្យម្ចាស់ផ្ទះកម្ពុជា ឡើងឈរលើក្រុមចំបាប់ហ្វីលីពីនវិញ គ្រាដែលវៀតណាម នៅតែបន្ដភាពខ្លាំងរបស់ខ្លួន។

    សម្រាប់លទ្ធផលបច្ចេកទេសការប្រកួតថ្ងៃទី៣ ដែលជាការប្រកួតកីឡាករ-កីឡាការិនីពេញវ័យខាងលើ ក្រុមអត្តពលិកវៀតណាម នៅតែឈរមុខគេ បន្ទាប់ពីពួកគេដណ្ដើមបានមេដាយបន្ថែម ២១គ្រឿង ក្នុងនោះមានមេដាយមាស ១៨ និងប្រាក់ ៣។ សរុបការប្រកួត ៣ថ្ងៃ វៀតណាម ឈរកំពូលតារាង ដោយដណ្ដើមបានមេដាយសរុប ៧៤គ្រឿង (មាស ៦១ ប្រាក់ ១២ និងសំរឹទ្ធ ១)។

    ចំណែកក្រុមម្ចាស់ផ្ទះកម្ពុជា ក្រោយដណ្ដើមបានមេដាយ ១៦គ្រឿងបន្ថែម គឺមានមេដាយមាស ១ ប្រាក់ ១០ និងសំរឹទ្ធ ៥ បានឡើងទៅឈរលេខ៣ ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន ដោយសរុបលទ្ធផល ៣ថ្ងៃ កម្ពុជាដណ្ដើមបានមេដាយចំនួន ៣៦គ្រឿង (មាស ២ ប្រាក់ ២០ និងសំរឹទ្ធ ១៤) តាមពីក្រោយក្រុមភ្ញៀវថៃ ដែលឈរលេខ២ ដណ្ដើមបានមេដាយសរុប ១៨គ្រឿង (មាស ៣ ប្រាក់ ៩ និងសំរឹទ្ធ ៦) តែនាំមុខក្រុមហ្វីលីពីន ដែលដណ្ដើមបានមេដាយសរុប ២៥គ្រឿង (មាស ១ ប្រាក់ ១៤ និងសំរឹទ្ធ ១០)។

    ក្រឡេកទៅមើលអត្តពលិក ៣ប្រទេសផ្សេងទៀត រួមមានក្រុមសិង្ហបុរី បន្ដឈរលេខ៥ ដណ្ដើមបានមេដាយសរុប ៩គ្រឿង (មាស ១ ប្រាក់ ៦ និងសំរឹទ្ធ ២) គ្រាដែលឥណ្ឌូនេស៊ី ឈរលេខ៦ ដណ្ដើមបានមេដាយសរុប ១៤គ្រឿង (ប្រាក់ ៥ និងសំរឹទ្ធ ៩) និងក្រុមអត្តពលិកឡាវ ឈរលេខ៧ ដណ្ដើមបានមេដាយប្រាក់ ១ និងសំរឹទ្ធ ១ សរុប ២គ្រឿង។ សម្រាប់ការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់តំបន់នេះ នឹងត្រូវបញ្ចប់នាថ្ងៃទី០៩ ខែធ្នូស្អែក នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: