Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងប្រៃសណីយ៍ ប្រកាសផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”

    BY Khmerpress December 9, 2023
    ក្រសួងប្រៃសណីយ៍ ប្រកាសផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” ។

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សិស្ស និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ក្នុងគោលដៅគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល ក្រសួងបានបង្កើត កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.) ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ក្នុងគោលបំណងផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់។ ក្នុងឆ្នាំសិក្សា២០២៤ នេះ លេខាធិការដ្ឋាននៃ ក.អ.ជ.ឌ. នឹងជ្រើសរើសសិស្សបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៦ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។

    ក. អត្ថប្រយោជន៍
    បេក្ខជនជ័យលាភីនៃ ក.អ.ជ.ឌ. នឹងទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖
    ‐ ថវិកាសិក្សាដោយមិនគិតការប្រាក់ ដើម្បីបង់ថ្លៃសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ
    ‐ កុំព្យូទ័រយួរដៃ ១គ្រឿង (ប្រសិនបើមានតម្រូវការ)
    ‐ ថ្លៃស្នាក់នៅ (ប្រសិនបើមានតម្រូវការ)
    ‐ ការប្រឹក្សាយោបល់អំពីការសិក្សា ការស្នាក់នៅ និងការអភិវឌ្ឍអាជីព
    ‐ ឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងវិស័យសាធារណៈ និងឯកជន។

    ខ. គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា
    បេក្ខជនអាចជ្រើសរើសគ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា ដូចខាងក្រោម៖
    1. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
    ‐ វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
    ‐ ទូរគមនាគមន៍និងបណ្តាញ (Telecoms and Networking)
    ‐ ធុរកិច្ចឌីជីថល (Digital Business)
    2. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
    ‐ វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច (Telecommunication and Electronics Engineering)
    ‐ វិស្វកម្ម និងវិទ្យាសាស្រ្តទិន្ន័យ (Data Science and Engineering)
    3. សាកលវិទ្យាល័យជាតិគ្រប់គ្រង
    ‐ សេដ្ឋកិច្ចឌីជីថល (Digital Economy)
    ‐ ព័ត៌មានវិទ្យាធុរកិច្ច (Business Information Technology)
    4. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
    ‐ វិស្វកម្មសុសវែរ (Software Engineering)
    ‐ វិស្វកម្មបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)
    5. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ
    ‐ បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (Information and Communication Technology)
    ‐ វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
    ‐ សន្តិសុខសាយប័រ (Cybersecurity)
    ‐ ហេដ្ឋារចនាសម្ព័នឌីជីថល (Digital Infrastructure)
    6. សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន
    ‐ វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
    ‐ គ្រប់គ្រងប្រព័ន្ធព័ត៌មាន (Management of Information Systems)។

    គ. លក្ខខណ្ឌនៃការជ្រើសរើស
    បេក្ខជនត្រូវមានលក្ខខណ្ឌ ដូចខាងក្រោម៖
    – មានសញ្ជាតិខ្មែរ
    – ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល ដែលមាននិទ្ទេសរួម A B ឬ C
    – ជាបេក្ខជនដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការជ្រើសរើសឱ្យចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានឧត្ដមសិក្សាខាងលើ
    – ឆ្លងកាត់ការប្រឡង និង/ឬការសម្ភាសន៍
    – បេក្ខជនមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព ឬសិស្សនារី ត្រូវបានលើកទឹកចិត្ត។

    ឃ. សំណុំលិខិតចុះឈ្មោះស្នើសុំ
    1. បេក្ខជនត្រូវស្កេនភ្ជាប់មកជាមួយនូវឯកសារយោងនៅពេលបំពេញពាក្យអនឡាញ រួមមាន៖
    ‐ រូបថតទំហំ 4×6
    ‐ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល
    ‐ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត
    ‐ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។
    2. បេក្ខជនដែលត្រូវបានជ្រើសរើសជាប់ជាស្ថាពរត្រូវភ្ជាប់មកជាមួយនូវឯកសារតម្រូវ រួមមាន៖
    ‐ កិច្ចព្រមព្រៀងស្តីពីការផ្តល់ថវិកាសិក្សា ចំនួន ២ ច្បាប់
    ‐ លិខិតធានាអះអាងពីអាណាព្យាបាល ឬសហព័ទ្ធ ចំនួន ២ ច្បាប់
    ‐ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សា
    ទុតិយភូមិ ឬសញ្ញាបត្រសមមូល (មាន QR Code ឬបញ្ជាក់ត្រឹមត្រូវ) ចំនួន ១ ច្បាប់
    ‐ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
    (ថតចម្លងមានបញ្ជាក់ត្រឹមត្រូវ) ចំនួន ១ ច្បាប់
    ‐ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ថតចម្លងមានបញ្ជាក់ត្រឹមត្រូវ) ចំនួន ១ ច្បាប់។

    ង. កាលបរិច្ឆេទ និងការទទួលពាក្យ
    ‐ បេក្ខជនត្រូវបំពេញពាក្យស្នើសុំអនឡាញតាមរយៈគេហទំព័រ www.dsdp.gov.kh/registration
    ‐ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ០៩៨ ៩៤៣ ៧៧៧ / ០៩៩ ៣៦៩ ៨៨៩ ឬអ៊ីម៉ែល info@dsdp.gov.kh
    ‐ កាលបរិច្ឆេទទទួលពាក្យគិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។
    អាស្រ័យហេតុនេះ សូមសិស្ស និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕ ប្រភព​៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications

    Share This Post: