សិស្សនិទ្ទេស A និងនិទ្ទេសផ្សេងៗ ៦៨នាក់ ទទួលបានការផ្តល់រង្វាន់លើកទឹកចិត្តនិងប័ណ្ណសរសើរ ពីមជ្ឈមណ្ឌលបណ្ដុះបណ្តាលមេគង្គ
(ភ្នំពេញ)៖ សិស្សានុសិស្សដែលបានទទួលជោគជ័យនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំនួន ៦៨នាក់ ដែលមានចំណាត់ថ្នាក់ចាប់ពីនិទ្ទេស A ដល់និទ្ទេស E មកពីសាលាផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ ទទួលបានការផ្តល់រង្វាន់លើកទឹកចិត្ត និងបណ្ណសរសើរ ពីមជ្ឈមណ្ឌលបណ្ដុះបណ្តាលមេគង្គ។

ពិធីនេះដែរបានធ្វើឡើងនៅទីតាំងសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ក្រោមវត្តមានលោក សោម សាត នាយកមជ្ឈមណ្ឌលបណ្ដុះបណ្តាលមេគង្គ និងដោយមានការចូលរួមពី លោកគ្រូអ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស តំណាងមកពីមជ្ឈមណ្ឌលបណ្តុះបណ្តាលមេគង្គ តំណាងសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន តំណាងមកពីក្រុមហ៊ុន Bright Education Consultant and Travel រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
លោក សោម សាត បានឱ្យដឹងថា ជាការពិតការខិតខំរៀនរយៈពេល១២ឆ្នាំនេះ មិនមែនជាការងាយស្រួលឡើយ ដោយប្អូនៗឆ្លងកាត់ការលំបាកជាច្រើនរាប់មិនអស់ និងបានយកឈ្នះភាពអសកម្មនៅក្នុងខ្លួនធ្វើឲ្យខ្លួនឯងឲ្យមានវិន័យ ព្យាយាមលះបង់ទំលាប់អាក្រក់ ចាប់យកទំលាប់ល្អ ព្យាយាមរៀនគ្រប់មុខដែលសាលាដាក់ឲ្យ ទោះបីជាមានមុខវិជ្ជាខ្លះខ្លួនមិនចូលចិត្ត និងមានកិច្ចការផ្ទះខ្លះប្អូនមិនចង់ធ្វើ ក៏ប្អូនៗពុះពាជំនះគ្រប់ឧបសគ្គ រហូតទទួលបានលទ្ធផលល្អនៅទីបំផុត។ វាជាការឆ្លុះបញ្ចាំងឲ្យឃើញពីការតាំងចិត្តយ៉ាងមុតមាំប្រកបដោយភាពអត់ធ្មត់បំពេញកិច្ចកាដោយយកចិត្តទុកដាក់ប្រកប ដោយទំនួលខុសត្រូវខ្ពស់របស់ប្អូនៗ។
លោក សោម សាត បានបន្ថែមទៀតថា ទាំងអស់នេះគឺដំណើរនៃការឆ្លាក់រូបខ្លួនឯងដើម្បីឆ្ពោះទៅការក្លាយទៅជាទំពាំងស្នងមួយពិតប្រាកដ ដែលនឹងក្លាយទៅជាបង្អែកដ៏រឹងមាំមួយសម្រាប់គ្រួសា និងសង្គមជាតិ។ បេសកម្មរបស់សិស្សានុសិស្ស គឺត្រូវប្រឹងប្រែងបន្តទៀតដើម្បីស្វែងរកភាព ជោគជ័យខ្ពស់មួយកំរិតទៀតនៅថ្នាក់ឧត្តមសិក្សា និងសង្គមការងារ។
បើតាមបញ្ជាក់របស់លោក សោម សាត មជ្ឈមណ្ឌលបណ្តុះបណ្តាលមេគង្គ បានបើកដំណើរការជាផ្លូវការឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ប្រកបដោយមហិច្ឆតាខ្ពស់ គឺដើម្បីក្លាយជាមជ្ឈមណ្ឌលឈានមុខគេនៅកម្ពុជា ក្នុងការបណ្តុះបណ្តាលសិស្សដើម្បីត្រៀមប្រឡងថ្នាក់ជាតិ ប្រគួតប្រជែងគណិតវិទ្យា និងអាហាររូបករណ៍ផ្សេងៗ។ ដើម្បីសម្រេចបានតាមគោលដៅដែលបានកំណត់ទុក មជ្ឈមណ្ឌលបានបង្កើតឲ្យមានបរិស្ថានសិក្សាល្អធំទូលាយប្រកបដោយផាសុកភាព លោកគ្រូ អ្នកគ្រូមានបទពិសោធន៍ និងគរុកោសល្យគ្រប់គ្រាន់ បុគ្គលិករួសរាយរាក់ទាក់ មានការធ្វើតេស្តស្ដង់ដាជាប្រចាំដោយឥតគិតថ្លៃ។
បើតាមលោកគ្រូ ញ៉ោង វិចិត្រ បានបញ្ជាក់ឱ្យដឹងថា កម្មវិធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តជូនសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០២២ – ២០២៣ នាពេលនេះ គឺជាលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងបន្តទៀត ដើម្បីទទួលបានអនាគត់មួួយដ៏ល្អប្រសើរ ហើយក៏ជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលជំនះគ្រប់ឧបសគ្គរហូតទទួលបានជោគជ័យដូចនេះ។
ជាមួយគ្នានោះលោកគ្រូ ញ៉ោង វិចិត្រ ក៏បានបង្ហាញមោទកភាពចំពោះសិស្សានុសិស្សដែលបានខិតខំសិក្សារៀនសូត្រ ហើយប្រឡងបានជោគជ័យក្នុងបាក់ឌុបឆ្នាំនេះ ដែលជាអនុស្សាវរីយ៏ល្អមួយក្នុងជីវិតរបស់យើង។ ប្រសិនបើប្អូនៗដែលមានឱកាសបន្តសិក្សានៅមហាវិទ្យាល័យទាំងក្នុង និងក្រៅប្រទេស ដែលប្អូនៗបានជ្រើសរើសទៅតាមមុខជំនាញ សូមប្អូនៗខិតខំប្រឹងប្រែង សង្វាត ស្វាធ្យាយរៀនសូត្រឱ្យបានជាអតិបរមាព្រោះក្នុងនាមជានិស្សិត ប្អូនៗត្រូវចេះសិក្សាស្វែង យល់ដោយខ្លួនឯង ច្រើនជាងសិក្សាជាមួយគ្រូ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews






