Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Apple គ្រោងផ្ទេរធនធានផ្នែកវិស្វកម្មផលិត iPad ទៅកាន់វៀតណាម

BY Khmerpress December 11, 2023
Apple គ្រោងផ្ទេរធនធានផ្នែកវិស្វកម្មផលិត iPad ទៅកាន់វៀតណាម

(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថាក្រុមហ៊ុនអាមេរិក Apple កំពុងរៀបចំផ្ទេរធនធានបុគ្គលិកសុទ្ធសឹងតែជាអ្នកជំនាញ ដែលកាន់ខាងផ្នែកផលិត iPad ទៅកាន់ប្រទេសវៀតណាមជាលើកដំបូង។ នេះបើយោងតាមការចេញរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។

ប្រភពពី Nikkie Asia បានឱ្យដឹងថា នេះជាលើកទី១ ហើយដែល Apple សម្រេចផ្លាស់ប្តូរធនធានវិស្វកម្ម ឬ ធនធាន NPI (New Product Introduction) របស់ខ្លួនទៅកាន់ប្រទេសវៀតណាម។ ធនធាន NPI នេះត្រូវបានគេស្គាល់ថា ជាក្រុមវិស្វកម្មដែលជាអ្នកមានជំនាញ នឹងមើលការខុសត្រូវលើការផលិត iPad ទាំងស្រុងរាប់ចាប់តាំងក្រុមផលិត រហូតដល់ក្រុមត្រួតពិនិត្យផលិតផលសម្រេច។

របាយការណ៍ពីប្រភពដដែលបានអះអាងថា Apple កំពុងចាប់ដៃគូសហការជាមួយនឹង BYD ដែលជាក្រុមហ៊ុនដំឡើង iPad ក្នុងប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មនេះ។ ខណៈមូលហេតុផ្លាស់ប្តូរការផលិត iPad ចេញពីប្រទេសចិននេះ គឺដោយសារតែកិច្ចខិតខំប្រឹងប្រែងក្នុងការគេចចេញពីប្រទេសចិន ហើយការទៅផលិតនៅវៀតណាមលើកនេះអាចនឹងមានរយៈពេលវែង។

គួរជម្រាបដែរថា ការសាកល្បងក្នុងការផលិត iPad ជាលើកដំបូងនៅវៀតណាម ត្រូវបានគេរំពឹងថា អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤។ ដូច្នេះ iPad ដំបូងដែលផលិតនៅប្រទេសវៀតណាម ទំនងជាអាចនឹងដាក់លក់ក្នុងពេលឆាប់ៗខាងមុខនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: