Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ផលិតករល្បី James Cameron បញ្ជាក់ជាថ្មីថា រឿង «Avatar 3» កំពុងដំណើរការផលិត សម្រាប់ត្រៀមបញ្ចាំងនៅឆ្នាំ២០២៥ខាងមុខ

BY Khmerpress December 13, 2023
ផលិតករល្បី James Cameron បញ្ជាក់ជាថ្មីថា រឿង «Avatar 3» កំពុងដំណើរការផលិត សម្រាប់ត្រៀមបញ្ចាំងនៅឆ្នាំ២០២៥ខាងមុខ

(បរទេស)៖ ផលិតករ និងជាអ្នកដឹកនាំភាពយន្តល្បីម្ចាស់ស្នាដៃ «Titanic» និង «Avatar» លោក James Cameron បានបញ្ជាក់ជាថ្មីពីកាលបរិច្ឆេទបញ្ចេញរឿង «Avatar» វគ្គ៣ និងបង្ហើបថា កំពុងស្ថិតក្នុងដំណាក់កាលផលិត ដើម្បីត្រៀមចាក់បញ្ចាំងក្នុងរោងភាពយន្តនៅអំឡុងឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន People នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

ផលិតករម្ចាស់ពានរង្វាន់អូស្ការ ផ្នែកអ្នកដឹកនាំឆ្នើមរូបនេះ បាននិយាយប្រាប់ People ថា ភាពយន្តនេះកំពុងផលិត និងគ្រោងចាក់បញ្ចាំងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ លោកបានបន្ថែមថា «ពួកយើងបានថតរឿងវគ្គ៣ និងការថតសកម្មភាពផ្ទាល់លើកទី៣នេះ ហើយយើងថែមទាំងបានថតសម្រាប់វគ្គ៤បន្តទៀត ដោយសារតែតួអង្គក្មេងៗរបស់យើងទាំងអស់គ្នា នឹងមានការចូលរួមសម្តែងយ៉ាងច្រើន»។ ​​

ផលិតករឆ្នើមដែលមានស្នាដៃសុទ្ធតែកើបប្រាក់ចំណូលបានរាប់ពាន់លានដុល្លាររូបនេះ បានបន្ថែមថា សម្រាប់រឿង «Avatar» វគ្គ៤ គឺគ្រោងនឹងបញ្ចាំងនៅឆ្នាំ២០២៩។

គួរជម្រាបថារឿង «Avatar» របស់ Cameron ដែលបញ្ចេញនៅឆ្នាំ២០២២ រកចំណូលបានរហូតដល់ ២.៣ពាន់លានដុល្លារទូទាំងពិភពលោក។ ខ្សែភាពយន្ត «Avatar» វគ្គដំបូង ដែលចាក់បញ្ចាំងលើកដំបូងក្នុងឆ្នាំ២០០៩ ត្រូវបានគេដឹងថា កាន់កាប់តំណែងខ្សែភាពយន្ត ដែលរកចំណូលបានច្រើនជាងគេបំផុត នៅលើពិភពលោក អស់រយៈពេលមួយទសវត្សរ៍ ហើយទើបតែក្នុងឆ្នាំ២០១៩ កន្លងទៅទេ ដែលខ្សែភាពយន្តនេះ ត្រូវបានទម្លាក់ចេញពីតំណែងកំពូល ដោយខ្សែភាពយន្តរឿង Avengers: Endgame របស់ក្រុមហ៊ុន Marvel៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: