ក្រុមហ៊ុនជាច្រើននៅប្រទេសចិនណែនាំមិនឲ្យបុគ្គលិកយកទូរស័ព្ទ iPhone ទៅកន្លែងធ្វើការ
ចិន៖ ទីភ្នាក់ងារ និងក្រុមហ៊ុនគាំទ្រដោយរដ្ឋាភិបាលចិនជាច្រើនបានណែនាំមិនឲ្យបុគ្គលិកយកទូរស័ព្ទ iPhone ទៅកន្លែងធ្វើការងារនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៦ ខែធ្នូនេះ។ និន្នាការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងបញ្ឈប់ការគាំទ្រផលិតផលបរទេស និងងាកមកគាំទ្រផលិតផលនៅក្នុងស្រុកចិនវិញ។
គួរបញ្ជាក់ជូនថា នៅក្នុងរយៈពេលប្រមាណជា ១០ឆ្នាំចុងក្រោយនេះចិនហាក់បានជំរុញឲ្យពលរដ្ឋខ្លួននាំគ្នាប្រើប្រាស់ផលិតផលអេឡិចត្រូនិចផលិតក្នុងស្រុកយ៉ាងខ្លាំង តួយ៉ាងដូចជានៅក្នុងធនាគារមួយចំនួនបានសម្រេចឈប់ប្រើប្រាស់ Software បរទេស ហើយប្តូរមកប្រើប្រាស់ Software ដែលបង្កើតឡើងដោយក្រុមហ៊ុនក្នុងស្រុកចិនតែម្តង។ សូមបញ្ជាក់ជូនថា និន្នការខាងលើនេះកំពុងកើតមានយ៉ាងផុសផុលនៅក្នុងខេត្តមួយចំនួនរបស់ចិនមានដូចជាខេត្ត Zhejiang, Shandong, Liaoning និងខេត្ត Hebei ជាដើម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

