អាមេរិកយល់ព្រមលក់ឧបករណ៍រក្សាប្រព័ន្ធព័ត៌មានយុទ្ធសាស្ត្រតម្លៃ ៣០០លាន ដុល្លារឲ្យទៅកោះតៃវ៉ាន់
អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានយល់ព្រមលក់ឧបករណ៍រក្សាប្រព័ន្ធព័ត៌មានយុទ្ធសាស្ត្រតម្លៃ ៣០០លាន ដុល្លារឲ្យទៅកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៦ ខែធ្នូនេះ។ បើតាមមន្ទីរបញ្ចកោណអាមេរិកបានឲ្យដឹងថា ការលក់ឧបករណ៍បច្ចេកវិទ្យាទាំងនេះទៅឲ្យកោះតៃវ៉ាន់គឺជាផ្នែកមួយនៃគោលនយោបាយជួយការពារកោះតៃវ៉ាន់ពីការជ្រៀតជ្រែកដោយប្រទេសណាមួយ។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខជាតិអាមេរិកបានបញ្ជាក់បន្ថែមថា កញ្ចប់ឧបករ ណ៍បច្ចេកវិទ្យានេះនឹងជួយជំរុញឲ្យកោះតៃវ៉ាន់អាចរក្សាបាននូវសមត្ថភាពដ៏ខ្ពស់ក្នុងការបញ្ជា ការគ្រប់គ្រង ទំនាក់ទំនង និងកុំព្យូទ័រ ឬ ប្រព័ន្ធ C4 របស់កោះតៃវ៉ាន់។ ប្រភពខាងលើបានបន្តថា ឧបករណ៍រក្សាប្រព័ន្ធព័ត៌មានយុទ្ធសាស្ត្រនេះនឹងជួយធ្វើឲ្យកោះតៃវ៉ាន់មានសមត្ថភាពកាន់តែល្អប្រសើរក្នុងការឆ្លើយតបទៅនឹងការគំរាមគំហែងទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ជាពិសេសនោះគឺការគំរាមគំហែងពីប្រទេសចិនតែម្តង៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត

