គណៈគ្រប់គ្រងថ្មី វត្តពោធិលង្កា ក្រុងសៀមរាប ត្រូវបានប្រកាសជាផ្លូវការ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវរណ្ណោ សមាជិកថេរសភា និងឧត្តមទី ប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បាននិមន្តទៅប្រគេនប្រកាសនីយបត្រ និងស្រង់សុគន្ធារីប្រគេនចៅអធិការគ្រូសូធ្យស្តាំ,ឆ្វេង វត្តពោធិលង្កា ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងនោះ ព្រះធម្មបណ្ឌិរភា ពិន ចន្ទ្រា ជាចៅ អធិការ , ព្រះខន្តិរក្ខកោ ប៉យ ប៉ ជាគ្រូសូធ្យស្តាំ និងព្រះសង្សមុនី គេន សូនី ជាគ្រូសូធ្យឆ្វេង។
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវរណ្ណោ មានថេរដីកា គិតមកដល់ពេលនេះ គឺមានរយៈពេលមួយខែ និងប្រាំថ្ងៃហើយ ដែលវត្តពោធិលង្កា ត្រូវបានប្រកាសរំសាយ គណៈគ្រប់គ្រងចាស់ ដោយសារតែកើតមាននូវអធិករជារ៉ាំរ៉ៃយូរឆ្នាំមកហើយ។
សម្តេចព្រះព្រហ្មរតនមុនី បានផ្តល់នូវព្រះដំបូន្មានមួយចំនួន ដោយយើងត្រូវដើរតាម ផ្លូវព្រះធម៌ និងផ្លូវលោក ពុទ្ធចក្រ និងអាណាចក្រ សំខាន់នូវព្រះធម៌ សាមគ្គីធម៌ និងកសាង អភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដោយសាសនាជ្រកក្រោមម្លប់តែមួយនៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ដែលជាសាសនារបស់រដ្ឋ។
សម្តេចព្រះព្រហ្មរតនមុនី ក៏បានលើកនូវព្រះវិន័យរបស់ព្រះសម្មា សម្ពុទ្ធ ក្នុងការដឹក នាំព្រះសង្ឃនៅក្នុងទីវត្តរាម ដែលជាភារកិច្ចរបស់ព្រះគ្រូចៅអធិការវត្ត ត្រូវគោរពប្រតិបត្តិនូវ នាយកធម៌ទាំង០៦យ៉ាង ដែលជាប្រទីបក្នុងការគ្រប់គ្រងវត្តអារាម ប្រកបដោយប្រសិទ្ធភាព និងគ្មានអធិករណ៍អ្វីកើតឡើងនោះឡើយ គឺត្រូវប្រកាន់នូវធម៌ខន្តី។
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បញ្ជាក់ថា វត្តអារាមជាទីជម្រកអប់រំរិយាធម៌ ដល់ពុទ្ធបរិស័ទ យុវជន ដែលជាទំពាំង ស្នងឫសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារ សេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីប បំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូរ សមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហិង្សាសង្គម។
សម្តេចព្រះព្រហ្មរតនមុនី ក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ទាំងព្រះភិក្ខុសង្ឃ ទាំងអស់សំខាន់ចៅអធិការ និងមន្ត្រីសង្ឃ ដែលទើបប្រកាសតែងតាំងនាពេលនេះ ត្រូវរម្ងាប់ អធិករណ៍ និងសហការគ្រប់គ្រងគរុភណ្ឌសង្ឃ មានដីធ្លីវត្តអារាម និងអប់រំពុទ្ធសាសនិកជនឱ្យ រៀនសូធ្យបដិបត្តិធម៌ និងវិន័យមានបិដកជាគោលនិង រួមសាមគ្គីព្រះសង្ឃ ពុទ្ធបរិស័ទ តាមបណ្តាវត្តនានា ត្រូវធ្វើការអភិវឌ្ឍន៍ទីវត្ត និងបណ្តុះបណ្តាលធនធានមនុស្សទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រ ពិសេសការពង្រីកនូវវិស័យពុទ្ធកៈសិក្សា និង អភិវឌ្ឍន៍ និង អភិរក្សនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ជាតិផងដែរ។
ដោយឡែកសម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្តបានបង្ហាញពីការគាំទ្រ និងសប្បាយ រីករាយ នៅពេលទទួលបានគណៈគ្រប់គ្រងវត្តថ្មី ហើយសង្ឃឹមថា ចាប់ពីពេលនេះទៅ វត្តពោធិលង្កាមានតែការសាមគ្គីគ្នា និងមានការរីកចំម្រើនទៅមុខ៕ ប្រភព៖ ក្រសួងព័ត៌មាន


