ព័ត៌មានអន្តរជាតិ December 19, 2023

Apple ប្រកាសប្រមូលនាឡិកាឆ្លាតវៃចំនួន២ម៉ូដែល ជាបន្ទាន់នៅអាមេរិក ជុំវិញជម្លោះប៉ាតង់

Khmerpress

(បរទេស)៖ ក្រុមហ៊ុនយក្សអាមេរិក Apple បានប្រកាសថា ខ្លួននឹងបញ្ឈប់ ការលក់នាឡិដៃឆ្លាតវៃចំនួន ២ម៉ូដែលនៅទូទាំងហាងលក់សហរដ្ឋអាមេរិកមុនថ្ងៃបុណ្យណូអែល រួមមាន Apple Watch Series 9 និង Apple Watch Ultra 2។ ខណៈការដកហូតនេះនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែធ្នូ សប្តាហ៍នេះ ដើម្បីអនុវត្តតាមសេចក្តីសម្រេចរបស់ ITC ទាក់ទងនឹងជម្លោះប៉ាតង់ជាមួយ Masimo។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

ទាក់ទងនឹងបញ្ហានេះ គណៈកម្មការពាណិជ្ជកម្មអន្តរជាតិ របស់សហរដ្ឋអាមេរិក (ITC) បានសម្រេចថា Apple បានរំលោភលើប៉ាតង់បច្ចេកវិទ្យាវេជ្ជសាស្រ្ត ដែលកាន់កាប់ដោយ Masimo នៅក្នុងបច្ចេកវិទ្យាវាស់អុកស៊ីហ្សែនក្នុងឈាម ដែលប្រើក្នុង Apple Watch Series 9 និង Watch Ultra 2។ ជាលទ្ធផល ITC បានចេញដីកាលើកលែង តែមានលក្ខខណ្ឌ ដោយបានហាមឃាត់ Apple មិនឱ្យនាំចូល និងលក់ Apple Watch ទាំងពីរម៉ូដែលនេះ នៅក្នុងសហរដ្ឋអាមេរិកនោះឡើយ។

ការហាមប្រាមនេះអនុវត្តតែចំពោះ Apple Watch Series 9 និង Watch Ultra 2 នៅសហរដ្ឋអាមេរិកប៉ុណ្ណោះ ដោយឡែកចំពោះម៉ូដែលនាឡិកាផ្សេងទៀត នឹងបានបញ្ជាទិញពីអតិថិជនរួចរាល់ រួមទាំងដាក់លក់នៅក្រៅសហរដ្ឋអាមេរិក គឺមិនមានផលប៉ះពាល់នោះទេ។

គួរជម្រាបដែរថា Apple នឹងតម្រូវឱ្យបញ្ឈប់ការលក់ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន ចាប់ពីថ្ងៃទី២១ ខែធ្នូ និងបញ្ឈប់ការលក់ក្នុងហាងចាប់ពីថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះតទៅ។ តែយ៉ាងណាបើទោះបីជា Apple យល់ព្រមតាមការសម្រេចរបស់ ITC ក៏ពិតមែន ប៉ុន្តែអ្នកនាំពាក្យ Apple បានអះអាងថា ក្រុមហ៊ុនមិនយល់ស្របនោះទេ ហើយនឹងស្វែងរកជម្រើសផ្លូវច្បាប់ ដើម្បីដោះស្រាយបញ្ហានេះជាថ្មីម្តងទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews