Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ទេសរដ្ឋមន្ដ្រី ថោង ខុន ជំរុញកីឡាកាយសម្ព័ន្ធឲ្យបន្ដពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ដើម្បីឈានទៅដណ្ដើមមេដាយជូនជាតិបន្ថែមទៀត

    BY Khmerpress December 21, 2023
    ទេសរដ្ឋមន្ដ្រី ថោង ខុន ជំរុញកីឡាកាយសម្ព័ន្ធឲ្យបន្ដពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ដើម្បីឈានទៅដណ្ដើមមេដាយជូនជាតិបន្ថែមទៀត

    (ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានលើកទឹកចិត្ត និងជំរុញឲ្យថ្នាក់ដឹកនាំសហព័ន្ធ បន្ដការខិតខំប្រឹងប្រែង និងដកស្រង់បទពិសោធន៍បច្ចេកទេសពីរាល់ការប្រកួតអន្ដរជាតិ និងបង្កើនសមត្ថភាពអាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹក គ្រូជំនួយ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ទាំងអស់ មកបង្ហាត់បង្រៀន និងពង្រឹងកីឡាករ-កីឡាការិនីឲ្យកាន់តែមានសមត្ថភាពខ្ពស់ ឆ្ពោះទៅប្រជែងមេដាយជូនជាតិបន្ថែមទៀត ពិសេសស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ និងការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។

    ការជំរុញនេះ ធ្វើឡើងក្នុងឱកាសលោកទេសរដ្ឋមន្ដ្រី បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ លោកបណ្ឌិត ថោង ខុន លើកទី៧ ប្រចាំឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី២០ ខែធ្នូនេះ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល ៦ថ្ងៃកន្លងទៅ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងនោះក៏មានការចូលរួមពីលោកស្រី ហង់ លីណា រដ្ឋលេខាធិការក្រសួងផែនការ ព្រមទាំងថ្នាក់ដឹកនាំ ប្រតិភូ និងកីឡាករ-កីឡាការិនី មកពីបណ្ដារាជធានី-ខេត្ត ដែលបានចូលរួមការប្រកួតព្រឹត្តិការណ៍ប្រចាំឆ្នាំនេះផងដែរ។

    លោកទេសរដ្ឋមន្ដ្រីមានប្រសាសន៍ថា ការប្រកួតប្រចាំឆ្នាំនេះ គឺជាការវាស់ស្ទង់សមត្ថភាព បច្ចេកទេសទេពកោសល្យ ដែលកីឡាករ-កីឡាការិនីម្នាក់ៗបានប្រឹងប្រែងហ្វឹកហាត់កន្លងមក។ លទ្ធផលរបស់កីឡាករ-កីឡាការិនី ដែលទទួលជយលាភីនាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូព្យាយាម គោរពវិន័យ និងយកចិត្តទុកដាក់ស្តាប់ការបង្ហាត់បង្រៀនរបស់គ្រូបង្វឹក ជាមួយការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងជាពិសេសថ្នាក់ដឹកនាំសហព័ន្ធ រួមជាមួយមន្ត្រីបច្ចេកទេសផងដែរ។

    លោកបណ្ឌិត ថោង ខុន បានរំលេចផងដែរថា អាណត្តិទី៦ ពិសេស ២ឆ្នាំចុងក្រោយ កីឡាកាយសម្ព័ន្ធ ត្រូវបានចាប់អារម្មណ៍ពីបណ្ដាប្រទេសក្នុងតំបន់ និងក្រោយតំបន់ ក្រោយអនុវត្តតាមផែនការមេឆ្នាំ២០២៣ ដោយដណ្ដើមបានមេដាយជាច្រើន ក្នុងនោះឆ្នាំ២០២២ ស៊ីហ្គេម លើកទី៣១ នៅវៀតណាម ឈ្នះមេដាយប្រាក់ ៣ និងសំរឹទ្ធ ១ និងជើងឯកអាស៊ី លើកទី៧ នៅថៃ ឈ្នះមេដាយប្រាក់ ២ និងសំរឹទ្ធ ១ ហើយឆ្នាំ២០២៣ ក្នុងស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ឈ្នះមេដាយប្រាក់ ២ និងសំរឹទ្ធ១ ពិសេសកីឡាជើងឯកអាស៊ី លើកទី៨ នៅម៉ុងហ្គោល កម្ពុជាបានឈ្នះមេដាយមាស ១ និង ១។

    ដោយហេតុនេះ លោកបានលើកទឹកចិត្តដល់សហព័ន្ធក្នុងការខំប្រឹងពង្រឹងបន្ថែម ទាំងធនធានមន្ដ្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ដើម្បីឈានទៅដណ្ដើមមេដាយ និងសមិទ្ធផលថ្មីៗជូនជាតិបន្ថែមទៀត ពិសេសការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៣ ដែលគិតត្រឹមពេលនេះ នៅសល់រយៈពេលប្រហែល ២ឆ្នាំ និងកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នៅសល់ពេល ៦ឆ្នាំ ។ ដូច្នេះដើម្បីជំរុញការរៀបចំឲ្យប្រភេទកីឡាកាយសម្ព័ន្ធ កាន់តែរីកចម្រើន ទាំងបរិមាណ និងគុណភាពកម្រិតខ្ពស់ ឆ្ពោះទៅសម្រេចគោលដៅការប្រកួតទាំងអស់នេះ លោកទេសរដ្ឋមន្ដ្រី បានផ្ដល់នូវអនុសាសន៍មួយចំនួន ដូចជា៖

    ១, បណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីថ្នាលតាមកម្រិតអាយុ និងបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស ក្នុងន័យបង្កើនទាំងបរិមាណ និងគុណភាពបច្ចេកទេសកម្រិតខ្ពស់។
    ២, ពង្រឹងសមត្ថភាព ចៅក្រោម មន្ដ្រីបច្ចេកទេស គ្រូបង្វឹក និងគ្រូជំនួយ ឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព។
    ៣, ជំរុញឲ្យមានការរៀបចំការប្រកួតឲ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្ដាលសមាគម/ក្លិប។
    ៤, ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ សមាគម/ក្លិប ដែលមានរួចមកហើយឲ្យបានរឹងមាំ និងស្វែងរកដៃគូអភិវឌ្ឍន៍បន្ថែមទៀត។
    ៥, ជំរុញឲ្យមានការចូលរួមប្រកួតលក្ខណៈអន្ដរជាតិបានច្រើនរៀងរាល់ឆ្នាំ។

    លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ ប្រតិភូ មន្ដ្រីបច្ចេកទេស មានកីឡាករ-កីឡាការិនីជាង ១០០នាក់ មកពី ៨ក្លិប ស្មើនឹង ៤រាជធានី-ខេត្តចូលរួម ។ យោងតាមការវាយតម្លៃបច្ចេកទេស កីឡាករ-កីឡាការិនីទាំងអស់ មានការកើនឡើងផ្នែកបច្ចេកទេសជាងឆ្នាំមុន និងមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធយ៉ាងល្អប្រសើរ ដែលជំរុញឲ្យការប្រកួត ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

    ជាលទ្ធផលបច្ចេកទេស គឺក្រុមកីឡាកាយសម្ព័ន្ធក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៤គ្រឿង (មាស ៧ ប្រាក់ ៥ និងសំរឹទ្ធ ២) ខណៈខេត្តកំពង់ឆ្នាំង ឈរលេខ២ ដណ្ដើមបានមេដាយយ៉ាងប្រកៀកប្រកិតគ្នា ពោលគឺកំពង់ឆ្នាំង ឈ្នះមេដាយសរុប ១៣គ្រឿង (មាស ៥ ប្រាក់ ៥ និងសំរឹទ្ធ ៣) ។ រីឯខេត្តក្រចេះ ឈ្នះមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ៧ សរុប ១០គ្រឿង និងក្រសួងការពារជាតិ ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ១ សរុប ២គ្រឿង៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: