Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នៅដើមឆ្នាំ២០២៤ ផ្លូវប្របមាត់សមុទ្រ ឆ្ពោះទៅឆ្នេរអង្កោល ខេត្តកែប នឹងស្ថាបនារួចរាល់ជាស្ថាពរ

    BY Khmerpress December 22, 2023
    នៅដើមឆ្នាំ២០២៤ ផ្លូវប្របមាត់សមុទ្រ ឆ្ពោះទៅឆ្នេរអង្កោល ខេត្តកែប នឹងស្ថាបនារួចរាល់ជាស្ថាពរ

    ខេត្តកែប៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្លូវប្របមាត់សមុទ្រប្រវែងជាង១១គីឡូម៉ែត្រ ពីកំពង់ផែទេសចរណ៍កោះទន្សាយ ឆ្ពោះទៅកាន់ ឆ្នេរខ្សាច់អង្កោល ខេត្តកែប នឹងក្រាលកៅស៊ូ រួចរាល់មុនដំណាច់ឆ្នាំ២០២៣ ហើយសម្រេចទាំងស្រុង នៅដើមឆ្នាំ២០២៤។

    លោក ឡឹម ប៊ុនលេង អ្នកបច្ចេកទេសរបស់ក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវមួយខ្សែនេះបានឱ្យដឹងថា ពេលនេះ ក្រុមការងារ បានចាក់ក្រាលកៅស៊ូស្រទាប់ទី១ ស្ទើរសម្រេច១០០ភាគរយហើយ គឺនៅតែ ប្រមាណ៩០០ម៉ែត្រទៀតប៉ុណ្ណោះ។ ចំណែកស្រទាប់ទី២ សម្រេចការចាក់ក្រាលបានប្រវែង ៣.០០០ ម៉ែត្រហើយ។ លោកអះអាងថា ការងារក្រាលកៅស៊ូ នឹងបញ្ចប់ទាំងស្រុងមុនដំណាច់ឆ្នាំ២០២៣នេះ។ ដោយឡែក ការក្រាលបេតុងតាមចិញ្ជើមផ្លូវ និងរៀបចំបង្គោលភ្លើង ព្រមទាំងកិច្ចការងារទាំងស្រុង នៃគម្រោងនឹងត្រូវបញ្ចប់នៅខែមករា ឆ្នាំ២០២៤។

    លោក ប៊ុន យោង អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកែបបានបញ្ជាក់ថា គម្រោងផ្លូវប្របមាត់ សមុទ្រនេះនឹងក្លាយជាគោលដៅស្រូបទាញអ្នកទេសចរឱ្យមកកម្សាន្តសប្បាយនៅទីតាំងកម្សាន្តថ្មីគឺឆ្នេរ អង្កោល ក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល ក៏ដូចជាពិធីបុណ្យទានផ្សេងៗទៀត នាពេលខាងមុខ។ សូមបញ្ជាក់ថាផ្លូវប្របមាត់សមុទ្រនេះ ស្ថាបនាដោយក្រុមហ៊ុនក្នុងស្រុក ក្រោមមូលនិធិរបស់ធនាគារ អភិវឌ្ឍន៍អាស៊ីចំនួន១០,៥លានដុល្លារ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: