ព័ត៌មានអន្តរជាតិ December 22, 2023

ក្រុមហ៊ុនមេ TikTok បញ្ជាក់ថា ខ្លួនមិនមានគម្រោងទិញយកអាជីវកម្មចែកចាយអាហាររបស់ Alibaba ទេ

Khmerpress

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនចិន ByteDance ដែលជាមេធំរបស់ TikTok បានច្រានចោលជាផ្លូវការ នូវរាល់ពាក្យចចាមអារ៉ាមដែលថាខ្លួន កំពុងពិភាក្សាជាមួយ Alibaba អំពីគម្រោងទិញយកអាជីវកម្មចែកចាយអាហារ ឬ Food Delivery។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

អ្នកនាំពាក្យរបស់ ByteDance បាននិយាយថា ក្រុមហ៊ុនមេរបស់ TikTok មិនបានស្ថិតក្នុងការពិភាក្សា ហើយក៏គ្មានគម្រោងទិញយកអាជីវកម្មចែកចាយអាហារ Ele.me របស់ Alibaba នោះទេ បើទោះបីជាផែនការអនាគតក៏ដោយ។ ខណៈការបដិសេធនេះ កើតឡើងនៅក្នុងបរិបទនៃការពង្រីកខ្លួនរបស់ ByteDance ចូលទៅក្នុងទីផ្សារចែកចាយអាហារតាមរយៈ TikTok កំណែចិនរបស់ខ្លួន Douyin ដែលបាននិងកំពុងសាកល្បងសេវាកម្មដឹកជញ្ជូនអាហារនៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសចិន។

គួរជម្រាបដែរថា Ele.me គឺជាក្រុមហ៊ុនចែកចាយអាហារអនឡាញឈានមុខគេនៅក្នុងប្រទេសចិន ដែលបង្កើតឡើងក្នុងឆ្នាំ២០០៨ និងមានទីតាំងនៅទីក្រុងសៀងហៃ។ Ele.me គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alibaba Group ត្រូវបានបញ្ចូលគ្នាជាមួយ Alibaba Local Life Service នឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវការកម្មង់អាហារពីភោជនីយដ្ឋានជាច្រើនតាមរយៈគេហទំព័រ នឹង Apple ស្មាតហ្វូន៕ ផ្តល់សិទ្ធិដោយ៖ freshnews