Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក៖ ក្នុងខែធ្នូ ដល់ខែមករា អាកាសធាតុនៅតំបន់ខ្លះនឹងចុះត្រជាក់ដល់១៦°C ហើយចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា អាកាសធាតុនឹងក្តៅខ្លាំងដល់ ៤១°C

    BY Khmerpress December 23, 2023
    ក្រសួងធនធានទឹក៖ ក្នុងខែធ្នូ ដល់ខែមករា អាកាសធាតុនៅតំបន់ខ្លះនឹងចុះត្រជាក់ដល់១៦°C  ហើយចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា អាកាសធាតុនឹងក្តៅខ្លាំងដល់ ៤១°C

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង នៅខែធ្នូ ឆ្នាំ២០២៣ ដល់ដើមខែឧសភា ឆ្នាំ២០២៤។

    បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំងដូចខាងក្រោម៖

    ១-បាតុភូតសកល៖
    យោងការតាមដានទៅលើការពិនិត្យសង្កេត និងព្យាករស្ថានភាពវិវត្តនៃសីតុណ្ហភាពលើផ្ទៃសមុទ្រ ប៉ាស៊ីហ្វិកក្បែរអេក្វាទ័របង្ហាញឱ្យឃើញថា៖
    -បន្តដល់ខែមករា ឆ្នាំ២០២៤ បាតុភូតអែលនីញ៉ូ ១០០ភាគរយ
    -នៅក្នុងខែកុម្ភៈ បាតុភូតអែលនីញ៉ូ ៩០ភាគរយ និងអែនសូ ១០ភាគរយ
    -នៅក្នុងខែមីនា បាតុភូតអែលនីញ៉ូ ៧០ភាគរយ និងអែនសូ ៣០ភាគរយ
    -នៅក្នុងខែមេសា បាតុភូតអែលនីញ៉ូ ៥០ភាគរយ និងអែនសូ ៥០ភាគរយ

    ២-រដូវប្រាំង៖
    ២-១ សីតុណ្ហភាព៖ ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ

    -នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ បណ្តាខេត្តនៅភាគខាងជើងជាប់ក្បែរជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នៅក្នុងថ្ងៃខ្លះសីតុណ្ហភាពអប្បបរមាធ្លាក់ចុះពី ១៦°C-១៨°C។ ចំណែកឯ នៅបណ្តាខេត្តដ៏ទៃទៀតសីតុណ្ហភាពអប្បបរមា ១៩°C-២២ °C។

    -ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា អាកាសធាតុកើនកម្ដៅជាលំដាប់ នឹងក្តៅខ្លាំងនៅក្នុងខែមេសា ដល់ដើមខែឧសភា ជាមួយនឹងសីតុណ្ហភាពមធ្យមអតិបរមា ៣៨°C និងសីតុណ្ហភាពអតិបរមានៅក្នុងថ្ងៃខ្លះអាចឡើងដល់ ៤១°C។

    ២-២. ទឹកភ្លៀង៖ តិចជាងមធ្យមភាគច្រើនឆ្នាំ
    -ភ្លៀងកក់ខែធ្លាក់តិចជាងឆ្នាំ២០២៣ និងអាចមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។

    យោងលើស្ថានភាពអាកាសធាតុដូចបានជម្រាបខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន សូមចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល នៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានោះ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានច្រើនក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: