ព័ត៌មានអន្តរជាតិ December 25, 2023

ក្រុមហ៊ុន Samsung គ្រោងបោះទុនខ្ទង់ ២៨០លានដុល្លារ ដើម្បីសាងសង់រោងចក្រនៅក្នុងប្រទេសជប៉ុន

Khmerpress

(បរទេស)៖ ក្រុមហ៊ុន Samsung Electronic ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់កូរ៉េខាងត្បូង គ្រោងទៅបោះទុនសាងសង់រោងចក្រស្រាវជ្រាវថ្មីមួយនៅក្នុងប្រទេសជប៉ុន ជាមួយនឹងតម្លៃវិនិយោគប្រហែល ២៨០លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។

កាលពីអំឡុងខែមីនាកន្លងទៅ Samsung ធ្លាប់បានបង្ហើបម្តងទៅហើយ ថាខ្លួនកំពុងសម្លឹងមើលទីតាំងថ្មីមួយនៅទីក្រុង Yokohama ដើម្បីសាងសង់រោងចក្រស្រាវជ្រាវ នឹងផ្តោតសំខាន់លើការវេចខ្ចប់បន្ទះឈីបកម្រិតខ្ពស់។ តែយ៉ាងណាក្រោយមានការបន្ថូរបន្ថយភាពតានតឹងរវាងកូរ៉េខាងត្បូង និង ជប៉ុន ពេលនេះ Samsung សម្រេចទៅវិនិយោគនៅទីនោះហើយ ខណៈការទៅវិនិយោគលើកនេះ នឹងមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលជប៉ុនដល់ទៅខ្ទង់ ១៤១លានដុល្លារឯណោះ។
តែយ៉ាងណាជុំវិញព័ត៌មានលម្អិតអំពីដំណើរការផលិតនៅក្នុងរោងចក្រនេះ នៅមិនទាន់មានការបញ្ជាក់លម្អិតនៅឡើយនោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews