Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមៗ! ឆ្នាំនេះនៅវិមានឈ្នះឈ្នះ នឹងមានបាញ់កាំជ្រួច តាំងពិព័រណ៍ផលិតផល និងកម្មវិធីជាច្រើន សាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា

    BY Khmerpress December 26, 2023
    ត្រៀមៗ! ឆ្នាំនេះនៅវិមានឈ្នះឈ្នះ នឹងមានបាញ់កាំជ្រួច តាំងពិព័រណ៍ផលិតផល និងកម្មវិធីជាច្រើន សាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា

    (ភ្នំពេញ)៖ ឆ្នាំ២០២៣នេះ គឺជាខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ នាំមកនូវសុខសន្តិភាព និងការផ្សះផ្សារ ជាតិជូនមាតុភូមិកម្ពុជារហូតមកដល់បច្ចុប្បន្ន។

    ខួប២៥ឆ្នាំនៃការបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា នឹងមានរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីអបអរសាទរថ្ងៃដ៏រីករាយជាប្រវត្តិសាស្ត្រក្នុងសង្គមខ្មែរ។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៩, ៣០ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ អមជាមួយនឹងមានបាញ់កាំជ្រួច តាំងពិព័រណ៍ផលិតផល និងកម្មវិធីជាច្រើនទៀត។

    ដើម្បីឱ្យការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ និងខួបកសាង៥ឆ្នាំ វិមានឈ្នះឈ្នះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងាររៀបចំប្រារព្ធពិធីនេះនៅវិមានឈ្នះឈ្នះ។

    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា សម្រាប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ នឹងមានរៀបចំកម្មវិធីមិទ្ទិញ ដែលមានមនុស្សចូលរួមចំនួន ៦,៦០៤នាក់ ក្នុងនោះភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាង ៥០០នាក់។ មានកម្លាំងយោធាចំនួន៥ផែន កម្លាំងនគរបាលជាតិចំនួន ២ផែន ល្បុក្កតោ ១ផែន ផែន ស.ស.យ.ក ផែនកាយឫទ្ធិ ផែនកាកបាទក្រហម មន្ត្រីរាជ និងប្រជាពលរដ្ឋចូលរួមជាច្រើនផងដែរ។

    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា៖ «សម្រាប់ពិធីមិទ្ទិញនៅថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រៅពិធីរៀបចំមិទ្ទិញ យើងក៏រៀបចំការតាំងពិព័រណ៍ដែលមានបណ្តាក្រសួង ស្ថាប័ន និងអង្គភាពមួយចំនួនទៀតដែលបណ្តាក្រសួង ស្ថាប័នរៀបចំតាំងពិព័រណ៍ពីសមិទ្ធផលរយៈពេល២៥ឆ្នាំ មានចំនួន៥០ ហើយក្រៅពីការតាំងពិព័រណ៍ទាំង៥០ស្ថាប័នេះ យើងក៏មានការរៀបចំតាំងពិព័រណ៍នូវផលិតផល និងម្ហូបអាហាររបស់យើង»

    បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ដើម្បីអបអរសាទរការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ និងខួបកសាង៥ឆ្នាំ វិមានឈ្នះឈ្នះ ក្រសួងទេសចរណ៍ បានរៀបចំស្តង់តាំងតាំងពិព័រណ៍ផលិតផលរបស់ខ្មែរចំនួន ២៥០ស្តង់ និងម្ហូបអាហាររបស់ខ្មែរចំនួន ២៥០ស្តង់។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមថា ក្នុងនោះក៏មានការរៀបចំប្រគំតន្ត្រី ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួងវប្បធម៌ ដោយក្នុងនោះត្រូវមានការរៀបចំការសម្តែងសិល្បៈចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ដើម្បីអបអរសាទរការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ និងខួបកសាង៥ឆ្នាំ វិមានឈ្នះឈ្នះ ក៏មានក្រុមអ្នកសិល្បករ សិល្បៈការិនីល្បីៗជាច្រើនបានស្ម័គ្រចិត្តចូលរួមច្រៀង និងសម្តែងផងដែរ។

    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ក្រៅពីការសម្តែងសិល្បៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏នឹងរៀបចំផ្ទាំងទស្សនីយ៍ភាពជាច្រើនដែលមានអ្នកសិល្បករ សិល្បការិនីប្រមាណ៣០០នាក់។

    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា ដើម្បីអបអរសាទរការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ និងខួបកសាង៥ឆ្នាំ វិមានឈ្នះឈ្នះ ក៏មានការបាញ់កាំជ្រួចរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់ថ្ងៃទី៣១ ខែធ្នូ ក្រុមការងារនឹងបាញ់កាំជ្រួចរបស់ឆ្លងឆ្នាំសកល។ សម្រាប់ព្រឹត្តិការណ៍នេះគឺត្រូវបានធ្វើឡើងដោយយកចិត្តទុកដាក់បំផុត តាមរយៈការបើកកិច្ចប្រជុំជាច្រើនជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយបានដាក់ចេញផែនការជាច្រើន ដើម្បីរៀបចំពិធីនេះឱ្យប្រព្រឹត្តទៅដោយរលូន។

    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមថា សម្រាប់ការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ និងខួបកសាង៥ឆ្នាំ វិមានឈ្នះឈ្នះ នៅឆ្នាំ២០២៣នេះ មានរៀបចំធំជាងឆ្នាំមុនៗ ហើយព្រឹត្តិការណ៍ថ្ងៃទី២៩ ខែធ្នូ គឺមានអត្ថន័យធំធេងណាស់ចំពោះប្រទេសកម្ពុជា ចំពោះប្រជាជាតិកម្ពុជា ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល ពីព្រោះទម្រាំធ្វើឱ្យប្រទេសជាតិ និងឈានទៅបញ្ចប់សង្គ្រាមស៉ីវិល ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាន់ខ្ពស់កម្ពុជា ជាច្រើនរូបទៀត ដែលជាប្រតិបត្តិករ អនុវត្តន៍នយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព។

    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា ការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ គឺសម្តែងឱ្យឃើញនូវសមិទ្ធផលនៃសន្តិភាពរយៈពេល២៥ឆ្នាំមកនេះ ជូនដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឱ្យបានដឹងកាន់តែច្បាស់ថា សុខសន្តិភាព មានតម្លៃខ្លាំងណាស់សម្រាប់ប្រទេសជាតិ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: