Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម័យនេះត្រូវការវិទ្យាសាស្ត្រ អត់ត្រូវការគ្រូទាយទេ, អ្នកស្រាវជ្រាវ ត្រូវបានលើកទឹកចិត្ត ហើយការងារនេះត្រូវការធនធានមនុស្សខ្លាំងណាស់

    BY Khmerpress December 26, 2023
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម័យនេះត្រូវការវិទ្យាសាស្ត្រ អត់ត្រូវការគ្រូទាយទេ, អ្នកស្រាវជ្រាវ ត្រូវបានលើកទឹកចិត្ត ហើយការងារនេះត្រូវការធនធានមនុស្សខ្លាំងណាស់

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម័យនេះត្រូវការវិទ្យាសាស្ត្រ ដើម្បីព្យាករណ៍ហេតុការណ៍ខាងមុខ ពោលគឺអត់ត្រូវការគ្រូទាយទេ។

    បើតាមប្រសាសន៍សម្តេចធិបតីនាយករដ្ឋមន្ត្រី អ្នកស្រាវជ្រាវទាំងឡាយ ត្រូវបានលើកទឹកចិត្ត ហើយការងារនេះត្រូវការធនធានមនុស្សខ្លាំងណាស់។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ពេលអញ្ជើញប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

    ក្នុងឱកាសនោះ សម្តេចធិបតី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ធ្វើយុទ្ធសាស្ត្រ គឺឲ្យយើងមានភាពបុរេសកម្ម បើមិនអីចឹងទេ យើងនៅតែប្រតិកម្មរហូត។ បើគ្មានភាពបុរេសកម្ម ទោះប្រសិទ្ធភាពដើរទៅមុខក៏ដើរអត់លឿនដែរ។ (យើងដើរលឿន) បើសិនជាយើងដើរ មានការសម្របសម្រួល មានគោលដៅច្បាស់លាស់ ផ្អែកលើវិទ្យាសាស្ត្រក្នុងការវិភាគច្បាស់លាស់។ ឥលូវ អត់មានគ្រូទាយទេ គឺប្រើអ្នកទិន្នន័យហ្នឹងហើយ ជាគ្រូទាយនោះ អ្នកទិន្នន័យហ្នឹងហើយ អាចព្យាករណ៍ថា ទៅខាងមុខយ៉ាងណា»

    ជាមួយគ្នានេះ សម្តេចធិបតី​ បានថ្លែងបន្តថា ថ្ងៃមុនសម្តេចអញ្ជើញទៅមើលក្រុមហ៊ុនមួយ ក៏មានក្មេងៗមួយក្រុម គាត់ធ្វើការទីផ្សារ តែទីផ្សារគាត់ដើរមុន គឺទីផ្សារគាត់ធ្វើការស្រាវជ្រាវនូវស្ថានភាពផលិតផលពិភពលោក បូកជាមួយចិត្តសាស្ត្ររបស់មនុស្សលើពិភពលោក ដើម្បីយកមកភ្ជាប់ជាមួយចិត្តសាស្ត្ររបស់កម្ពុជា ហើយព្យាករណ៍ទៅមុខទៀតថា​យុវជនត្រូវការអី។ ក្រុមគាត់ បានរៀបចំផលិតផលទុកមុន នូវអ្វីដែលជាការងារទីផ្សារនឹងអាចកើតឡើង។

    «យើងដូចគ្នា រាជរដ្ឋាភិបាលក៏ត្រូវការទាំងអស់នេះ អីចឹងអ្នកធ្វើការងារនេះត្រូវបានលើកទឹកចិត្ត ហើយការងារនេះ សំខាន់ត្រូវការធនធានមនុស្ស»។ នេះបើតាមប្រសាសន៍សម្តេចធិបតី។

    សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងផែនការ ត្រូវបន្តបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនជាប្រចាំជាប់មិនដាច់សម្រាប់ ការងារអង្កេត និង ជំរឿនចាំបាច់នានា ព្រមទាំងការងារប្រែក្លាយទិន្នន័យឱ្យទៅជាព័ត៌មាន គ្រប់គ្រាន់សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: