Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តសៀមរាប ទទួលបានផលិតផលទេសចរណ៍ថ្មីមួយទៀត សួនផ្កា អង្គរ វ៉ូនឌើរ ហ្គាឌិន

    BY Khmerpress December 26, 2023
    ខេត្តសៀមរាប ទទួលបានផលិតផលទេសចរណ៍ថ្មីមួយទៀត សួនផ្កា អង្គរ វ៉ូនឌើរ ហ្គាឌិន

    ខេត្តសៀមរាប៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅខេត្តសៀមរាប នឹងបានទស្សនានូវផលិតផលទេសចរណ៍ថ្មីៗ​បន្ថែម​ទៀត បន្ទាប់ពីបានទស្សនាប្រាសាទបុរាណនៅតំបន់អង្គរ និងរមណីយដ្ឋានធម្មជាតិ ដែលមាន​ស្រាប់នោះគឺសួនផ្កាដ៏ធំ អង្គរ វ៉ូនឌើរ ហ្គាឌិន ដែលផ្កាកំពុងតែរីកស្គុសស្គាយរងចាំស្វាគមន៍ភ្ញៀវទេសចរ​គ្រប់ជាតិសាសន៍។

    រមណីយដ្ឋានធម្មជាតិ សួនផ្កា អង្គរ វ៉ូនឌើរ ហ្គាឌិននេះ ស្ថិតនៅភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយពីក្រុងសៀមរាប ប្រមាណជា២៧​គីឡូម៉ែត្រ។ លោក ប្រាក់ ចាន់ធី អ្នកគ្រប់គ្រងសួនផ្កា អង្គរ វ៉ូនឌើរ ហ្គាឌិន បានឱ្យដឹងថា សួនផ្កានេះ ចំណាយ​ពេល​សាងសង់រយៈពេល១ឆ្នាំ លើផ្ទៃដី៧ហិកតា វិនិយោគដោយកូនខ្មែរនៅខេត្តសៀមរាប សហការ​ជួយបរទេស។ លោកបានបញ្ជាក់ថា សួនផ្កានេះ មានរាងជាផ្ការំដួល មានផ្កាចម្រុះពណ៌ប្រមាណជា ៨ប្រភេទ និងគ្រោងដាក់ថែមជាច្រើនប្រភេទទៀត។

    លោកបន្តថា មូលហេតុដែលសាងសង់​សួន​ផ្កានេះ គឺដោយសារតែឃើញពីសក្តានុពលខេត្តសៀមរាប មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមក​កម្សាន្ត​ច្រើន ប៉ុន្តែពួកគាត់មកទស្សនា តែប្រាសាទបុរាណ និងរមណីយដ្ឋានធម្មជាតិ ដែលមាន​ស្រាប់​តែ​រយៈពេលខ្លី ហើយត្រឡប់ទៅវិញ។ ដូចនេះហើយបានជាលោករួមគ្នាសាងសង់សួនផ្កានេះឡើង ឱ្យ​មានផលិតផលទេសចរណ៍ថ្មី និងប្លែក ដើម្បីឱ្យភ្ញៀវទេសចរដែលមកខេត្តសៀមរាប បន្ទាប់ពីបាន​ទស្សនាប្រាសាទ​បុរាណនៅតំបន់អង្គរ និងរមណីយដ្ឋានធម្មជាតិដែលមានស្រាប់ហើយ ពួកគាត់បាន​មកកម្សាន្តសួនផ្កានេះ ជាការពន្យារពេលឱ្យពួកគាត់ស្នាក់នៅសៀមរាបបានយូរ និងបានប្រាក់ចំណូល​ដល់ប្រជាជនកម្ពុជា។

    ជាមួយគ្នានេះ អ្នកគ្រប់គ្រងរូបនោះបានបន្ថែមថា សួនផ្កានេះ ក៏បានផ្តល់ការ​ងារ​​​ឱ្យប្រជាពលរដ្ឋនៅជុំវិញនេះ​ធ្វើ​ប្រមាណជាង១០០នាក់ផងដែរ ជាពិសេសនោះ គឺចង់លើ​ស្ទួយ​វិស័យទេសចរណ៍កម្ពុជា ឱ្យមានផលិតផលទេសចរណ៍សម្បូរបែបសម្រាប់បម្រើនឱ្យភ្ញៀវទេសចរ ដែល​គេបានមកកម្សាន្តនៅខេត្តរបស់យើង។ លោកអះអាងថា នៅពេលខាងមុខនេះ ក៏មាន​គម្រោង​រៀបចំផ្ការាងប្រាសាទអង្គរវត្តផងដែរ។

    លោក ប្រាក់ ចាន់ធី បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ សួនផ្កា អង្គរ វ៉ូនឌើរ ហ្គាឌិន និងបើកស្វាគមន៍ភ្ញៀវទេសចរ ជាពិសេសនៅក្នុងឱកាសឆ្លងឆ្នាំសកលនេះ ហើយសម្រាប់ភ្ញៀវ​ទេស​ចរ​ចូលទស្សនាក្នុងអំឡុងពេលបើកសាកល្បងនេះ គឺមនុស្សធំម្នាក់ ៧ដុល្លារ និងកូនក្មេងចំនួន៤ដុល្លារ ។ លោកបានអំពាវនាវដល់ភ្ញៀវទេសចរដែលបានមកកម្សាន្តនូវខេត្តសៀមរាប កុំភ្លេចមកទស្សនាសួន​ផ្កានេះ នឹង​បានឃើញនូវភាពស្រស់ស្អាត និងប្លែកភ្នែក ធ្វើឱ្យអារម្មណ៍របស់លោកអ្នកស្រស់ស្រាយ​ជាមិន​ខាន។

    លោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម ខេត្តសៀមរាបបានមានប្រសាសន៍ថា នៅប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ នៅភូមិសាស្រ្តស្រុកសូទ្រនិគមមានការអភិវឌ្ឍន៍រីកចម្រើន គួរឱ្យកត់សម្គាល់ មានដូចជា​ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ សួនត្រីក្រោមទឹក និងសួនផ្កា អង្គរ វ៉ូនឌើរ ហ្គាឌិននេះ ដែល​​នេះ គឺជាផលិតផលថ្មីៗសម្រាប់បម្រើឱ្យវិស័យទេសចរណ៍កម្ពុជា។ លោកបន្តថា សួនផ្កានេះ នឹង​ផ្តល់ប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅតំបន់នេះ ហើយលោកក៏អំពាវនាវឱ្យភ្ញៀវ​ទេស​ចរមកកម្សាន្តនៅសួនផ្កានេះ ដើម្បីបានដឹងថា ផលិតផលទេសចរណ៍ថ្មីរបស់យើងស្រស់ស្អាត និងមានភាពទាក់ទាញប៉ុណ្ណា។ លោកបានអះអាងថា ការអភិវឌ្ឍទាំងនេះ ធ្វើទៅបាន គឺដោយ​សារ​តែប្រទេសមាន​សន្តិភាព។

    ក្នុងឱកាសនោះដែរ ភ្ញៀវទេសចរជាតិដែលបានមកទស្សនាសួនផ្កានេះ បានលើកឡើងស្រដៀងគ្នាថា សួនផ្កានេះ ពិតជាស្អាត និងមានផ្កាច្រើនប្រភេទ ជាពិសេសការរៀបចំតុបតែង គឺមិនចាញ់សួនផ្កានៅ​បរទេសឡើយ។ សម្រាប់ភ្ញៀវទេសចរដែលមកលេងខេត្តសៀមរាប គួរតែបន្តមកទស្សនាសួនផ្កានេះ លោកអ្នកបានសប្បាយប្លែកអារម្មណ៍ មិនខកបំណងនោះឡើយ៕ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

    Share This Post: