ព័ត៌មានអន្តរជាតិ December 26, 2023

លេចធ្លាយ! អំពីសមត្ថភាពការមេរ៉ា Samsung Galaxy S24 Ultra ដែលត្រៀមចេញលក់ក្នុងពេលដ៏ខ្លីខាងមុខនេះ

Khmerpress

(បរទេស)៖ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ ទាក់ទងនឹងកំពូលស្មាតហ្វូនរបស់កូរ៉េ Samsung Galaxy S24 Ultra ដែលត្រូវបានគេរំពឹងថា នឹងចេញលក់ក្នុងខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ ស្របពេលនឹងការប្រកាសចេញកាន់តែខិតជិត នៅសប្តាហ៍នេះ មានពាក្យចចាមអរ៉ាមថ្មីបន្ថែមទៀតអំពីសមត្ថភាពកាមេរ៉ាស្មាតហ្វូន រួមទាំងចេញមកជាមួយសមត្ថភាពភាព AI ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

Galaxy S24 Ultra ត្រូវបានគេរំពឹងថា នឹងបំពាក់នូវកាមេរ៉ាខាងក្រោយចំនួន ៤គ្រាប់ រួមមានលេនគោលទំហំ ២០០មេហ្គាភិចស៊ែ, លេនទូលាយ Ultrawide ១២មេហ្គាភិចស៊ែ និងលេនពង្រីក Telephoto ចំនួនពីរគ្រាប់ ៥០មេហ្គាភិចស៊ែ និង ១០មេហ្គាភិចស៊ែ។ ហើយមានពាក្យចចាមអារ៉ាមថា នឹងទទួលបានសមត្ថភាពលេនពង្រីក Telephoto (2x,3x,5x រហូតដល់ 10x lossless Zoom) ឯណោះ ដែលធ្វើឱ្យការថត អាចពង្រីកវត្ថុឆ្ងាយៗដោយមិនបាត់បង់គុណភាពរូបថតនោះ។

លើសពីនេះទៅទៀត Galaxy S24 Ultra នឹងចេញមកជាមួយនូវសមត្ថភាពបញ្ញាសិប្បនិម្មត្តិ AI ដែលភ្ជាប់ជាមួយកាមេរ៉ាផងដែរ។ នេះមានន័យថា វានឹងចេញមកពង្រឹកលើសមត្ថភាពកាមេរ៉ាកាន់តែអស្ចារ្យជាងមុន ជាពិសេសសម្រាប់ការថតរូបក្នុងស្ថានភាពពន្លឺតិច ហើយវានឹងធ្វើឱ្យការថតរូបនៅច្បាស់ដូចទៅនឹងការថតរូបក្រោមពន្លឺធម្មតាអ៊ីចឹង។

គួរជម្រាបដែរថា Samsung គ្រោងចេញលក់ Galaxy S24 Ultra នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ ដោយឡែកចំពោះសមត្ថភាពផ្សេងៗអំពីកំពូលស្មាតហ្វូននេះ Samsung នៅមិនទាន់បង្ហើបនៅឡើយនោះទេ ប៉ុន្តែត្រូវបានគេរំពឹងថា ស្មាតហ្វូនម៉ូដែលក្រោយនេះ នឹងផ្តោតសំខាន់ទៅលើកាមេរ៉ា ខណៈក្រុមហ៊ុន Android ផ្សេងទៀតក៏កំពុងប្រកួតប្រជែងលើផ្នែកនេះដូចគ្នា៕ ផ្តល់សិទ្ធិដោយ៖ freshnews